យុវជនបុគ្គលិកធនាគារស៊ីអូវ័យក្មេង លោតទឹកហែលលេងជាមួយមិត្តភក្តិ របូតដៃលិចបាត់ខ្លួនរកមិនទាន់ឃើញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បរិយាកាសដ៏ឈឺចាប់ ស្រែកទ្រហោរយំសែនរន្ធត់ និងក្តីអាឡោះអាល័យ បានគ្របដណ្តប់លើកុដិ និងគេហដ្ឋាននៃក្រុមគ្រួសារ ព្រមទាំងញាតិមិត្ត បន្ទាប់ពីយុវជនវ័យក្មេងម្នាក់ ជាបុគ្គលិកធនាគារស៊ីអូ បានភ្លាត់ស្នៀតរបូតដៃលិចបាត់ខ្លួនក្នុង ទឹកយ៉ាងអាណោចអាធ័ម ពេលចុះហែលទឹកកម្សាន្ត។ ហេតុការណ៍ដ៏រន្ធត់ និងរង្គោះរង្គើចិត្តនេះ បានកើតឡើងកាលពីវេលាម៉ោង ០៦:០០ ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

ប្រភពពីប្រជាពលរដ្ឋ និងមិត្តភក្តិជិតស្និទ្ធបានទម្លាយឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុង សៀងហៃ អាយុ ២៣ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅធនាគារស៊ីអូ ក្នុងស្រុកស្វាយចេក និងមានទីលំនៅបច្ចុប្បន្ននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលឈានដល់ វិនាទីមរណភាពនេះ ជនរងគ្រោះរួមជាមួយមិត្តភក្តិ ២នាក់ បានចុះហែលទឹកលេងកម្សាន្ត និងបានតោងមែកឈើនៅក្នុងទឹក ប៉ុន្តែជាអកុសលដោយសារចរន្តទឹកហូរខ្លាំង ពេក ទើបជនរងគ្រោះរបូតដៃបណ្តាលឱ្យលិចបាត់ខ្លួនបាត់ស្រមោលក្នុងទឹកជ្រៅតែម្តង ខណៈមិត្តភក្តិម្នាក់ ទៀតបានរួចខ្លួនផុតពីគ្រោះថ្នាក់ដ៏គួរឱ្យខ្លាចនេះដោយឆ្លើយកយស។ ដំណឹងដ៏រន្ធត់នេះ បានធ្វើឱ្យម្តាយបង្កើត និងក្រុមគ្រួសារស្រែកយំខ្សឹបខ្សួល បាត់បង់ស្មារតីទាំងត្រដរខ្យល់ គួរឱ្យសង្វេគជាទីបំផុត។

បន្ទាប់ពីទទួលបានដំណឹងបន្ទាន់ដ៏រន្ធត់នេះ ក្រោមការបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុតពី លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កម្លាំងអន្តរាគមន៍សង្គ្រោះបន្ទាន់រួមមាន៖ កម្លាំងកងពលតូចអន្តរាគមន៍លេខ ៥១ ចំនួន ៣០នាក់, ទូកសង្គ្រោះចំនួន ៤គ្រឿង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា-សិរីសោភ័ណ្ឌ បានចុះប្រញាប់ប្រញាល់ផ្ទាល់ដល់ទីតាំងកើតហេតុ ជួយរុករកយ៉ាងដុតដៃដុតជើងពេញមួយរាត្រី រហូតដល់ម៉ោង ២២:៣០នាទីយប់ ទើបក្រុមកម្លាំងសមត្ថកិច្ចចាំបាច់ត្រូវផ្អាកបណ្តោះអាសន្នវិញដោយសារភាពងងឹតសូន្យឈឹង និងជួបឧបសគ្គខ្លាំងក្នុងការរុករក។

លុះចូលដល់ព្រឹកព្រលឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នេះ វេលាម៉ោង ០៧:០០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចេញបញ្ជាក្តៅ និងហ្មត់ចត់ជាថ្មីម្តងទៀតដល់កម្លាំងកងពលតូចលេខ ៥១ សរុប ៣០ នាក់ និងទូកចំនួន ៤គ្រឿងដដែល ដើម្បីបន្តបេសកកម្មរុករកសាកសពយុវជន ហុង សៀងហៃ បុគ្គលិកធនាគារស៊ីអូទាំងចិត្តទុកដាក់ និងប្តេជ្ញាចិត្តខ្ពស់បំផុត រុករកឱ្យទាល់តែឃើញមុខជនរងគ្រោះជូនក្រុមគ្រួសារវិញ។

ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ច បានបន្តអំពាវ នាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការចុះលេងទឹក ឬធ្វើដំណើរកាត់តំបន់ទឹកជំនន់ ក្នុងរដូវកាលនេះ ដើម្បីជៀសវាងកុំឱ្យមានគ្រោះថ្នាក់អយុត្តិធម៌ និងការ បាត់បង់ជីវិតបែបនេះកើតឡើងជាថ្មីទៀត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print