ខេត្តព្រះសីហនុ÷អ្នកនាំពាក្យសាលាដំបងខេត្តព្រះសីហនុបានប្រកាសឲ្យដឹងនៅរសៀលថ្ងៃទី០៥ខែ តុលានេះថា ជនជាតិចិន៩នាក់ ដែលកម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បង្ក្រាបបាននៅលើផ្ទៃ សមុទ្រករណីដឹកជញ្ជូនគ្រឿងញៀនជិត១តោន និងអាវុធខុសច្បាប់ ត្រូវបានតំណាងអយ្យការខេត្តព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់។
អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការតាមផ្លូវច្បាប់សំណុំរឿងព្រហ្មទណ្ឌចំនួន២ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនខុសច្បាប់ និងករណីធ្វើចរាចរណ៍ រួមទាំងសន្និធិ អាវុធគ្រឿងផ្ទុះ ដោយគ្មានការ អនុញ្ញាត។
ករណីនេះ បានកើតឡើងនៅចំណុចឆ្នេរព្រែកចាក ភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ចាប់ពីអំឡុងខែសីហា រហូតដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៦។ សម្រាប់ជនជាតិចិនទាំង៩នាក់នេះរួមមាន៖ ឈ្មោះ WANG YI FAN, XU TAO, HAN YANG, XIA QIAN FA, HONG PENG FEI, LIU JIA, XIANG HUA, SHENG ZHUANG និង CHU WEN BIN ត្រូវបានចោទប្រកាន់ជាផ្លូវការពីសំណាក់តំណាង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០០:១០នាទី លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន កម្លាំងអង្គភាពបង្ក្រាបបទល្មើស លើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដាក់បណ្ដាញសម្ងាត់ជាច្រើនថ្ងៃ រហូតឈានដល់ការកំណត់មុខសញ្ញា និងកំណត់គោលដៅជាក់លាក់ ហើយបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់នៅម្ដុំកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិស ភូមិភាគទី៣ ទី៤និងទី៥ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានដក ហូតវត្ថុតាងសំខាន់ៗជាច្រើន រួមមាន៖ សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ប្រមាណ ៩០០គីឡូក្រាម អាវុធវែង-ខ្លី ចំនួន ៤៩ដើម (វែង ១០ដើម ខ្លី ៣៩ដើម) សម្ភារៈពាក់ព័ន្ធនឹងអាវុធដូចជា បង់អាវុ.ធ ១០៨បង់ គ្រាប់អាវុធ ៧៩៣៧គ្រាប់ និងស៊ីឡង់សឺ ៨ដើម។
ក្រៅពីនេះ ក៏មានមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន រួមមានអូប័រ ១គ្រឿង រថយន្ត ២គ្រឿង និងម៉ូតូ ៣គ្រឿង ព្រមទាំងវត្ថុចាប់យកផ្សេងៗទៀតដែលបម្រើឱ្យសកម្មភាពល្មើសខាងលើ៕










