ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត Toyota Prius នៅចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អ គ្រោះថ្នាក់នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2CJ-2757 បើកបរដោយយុវជនម្នាក់ តាមបណ្តោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិច ខណៈកំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួននិងបើកមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8531 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿននិងដោយខ្វះការប្រុងប្រយ័ត្ន រថយន្តស៊េរីទំនើបបានជ្រុលទៅបុករថយន្ត Toyota Prius ចំចំហៀងខាងឆ្វេងផ្នែកខាងក្រោយបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា ក៏សំណាងល្អ ដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះ។
ក្រោយកើតហេតុ ភាគីទាំងពីរមិនអាចសម្របសម្រួលគ្នាបាន ទើបសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងឱ្យចុះមកធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕












