ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញាពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
វេលាម៉ោង២៣:៣០នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន១២នាក់ ដឹកនាំដោយ លោកវរសនីយ៍ឯក សុង កុសល មេបញ្ជាការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបជនសង្ស័យ ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចសណ្ឋាគារ យៀកលាំង កម្ពស់២២ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងរកឃើញ ជនជាតិចិន ចំនួន២២នាក់ (ប្រុស) ក្នុងនោ៖
-ជាន់ផ្ទាល់ដី ចំនួន ០១នាក់ (ជាអ្នកគ្រប់គ្រង)
-ជាន់ទី៦ បន្ទប់ស្នាក់នៅ រកឃើញចំនួន ០៧នាក់
-ជាន់ទី៨ បន្ទប់ធ្វើការ និងបន្ទប់ស្នាក់នៅ រកឃើញចំនួន ១៤នាក់។
+ ចាប់ដកហូតវត្ថុតាងរួមមាន:
-កំុព្យូទ័រលើតុ (ALL IN ONE) ចំនួន ២០គ្រឿង
-iPad ចំនួន ០១គ្រឿង
-ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ២៨គ្រឿង
-ទូរសព្ទដៃ Online ចំនួន ៥២គ្រឿង
-គ្រឿងញៀន ចំនួន ០៦កញ្ចប់តូច
-លិខិតឆ្លងដែន ចំនួន ០៨ក្បាល។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការអនុវត្តតាមនីតិវិធី៕
ដោយ៖ សុរិយា










