ក្នុង១ថ្ងៃមន្រ្តីជំនាញបង្រ្កាបបាន៣ករណី ចាក់លែងត្រីជាង១០០គីឡូក្រាម និងរុះរើស្បៃមុងជាង ១គីឡូម៉ែត្រ នៅក្នុងខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម: មន្រ្តីជំនាញខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចុះបង្ក្រាបបទល្មើសនេសាទ ៣ករណី ក្នុងភូមិសាស្ត្របឹងនៃឃុំច្បារអំពៅ ស្រុកបាធាយ ដោយរុះរើបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន និងចាក់លែងត្រីចម្រុះសរុប ១១៥គីឡូក្រាមទៅក្នុងប្រភពទឹកធម្មជាតិវិញ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

លោក លី ស៊្រី នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានឱ្យដឹងថា ករណីទី១ ត្រូវបានរកឃើញនៅចំណុចមុខវត្តទួលចាន់ ដោយកម្លាំងបានរុះរើស្បៃមុង ៥មាត់ របាំងស្បៃមុងប្រវែង ២៥០ម៉ែត្រ និងបង្គោលចម្រឹង ៧៥ដើម ព្រមទាំងចាក់លែងត្រីចម្រុះ ២៥គីឡូក្រាម។ ករណីទី២ នៅចំណុចបឹងផ្សារ កម្លាំងបានរុះរើស្បៃមុង ៧មាត់ របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ និងបង្គោលចម្រឹង ១០៥ដើម ហើយចាក់លែងត្រីចម្រុះ ៤០គីឡូក្រាម។

...

ចំណែកករណីទី៣ នៅចំណុចបឹងគោចំលង កម្លាំងបានរុះរើស្បៃមុង ៩មាត់ របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ និងបង្គោលចម្រឹង ១៣៥ដើម ព្រមទាំងចាក់លែងត្រីចម្រុះ ៥០គីឡូក្រាម។ ជាលទ្ធផលនៃប្រតិបត្តិការទាំង ៣ទីតាំង កម្លាំងជលផលបានរុះរើឧបករណ៍ស្បៃមុង ២១មាត់ របាំងស្បៃមុងប្រវែងសរុប ១,០៥០ម៉ែត្រ និងបង្គោលចម្រឹង ៣១៥ដើម ខណៈត្រីចម្រុះទម្ងន់ ១១៥គីឡូក្រាម ត្រូវបានចាក់លែងចូលក្នុងប្រភពទឹកធម្មជាតិវិញ ឯឧបករណ៍នេសាទខុសច្បាប់ទាំងនេះ ត្រូវបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង ដើម្បីទប់ស្កាត់ការប្រើប្រាស់បន្ត និងការពារធនធានជលផលនៅក្នុងតំបន់៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print