ខេត្តតាកែវ÷ចោរលួចទូក២នាក់ ត្រូវនគរបាលស្រុកអង្គរបុរីឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបានរយៈពេល ២ថ្ងៃ។ បច្ចុប្បន្នជួនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី។
ប្រភពបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ៧រោចខែភទ្របទ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២៤និង០០នាទីរំលងអាធ្រាត កើតមានករណី អំពើលួច(ទូកនិងម៉ាស៊ីន) ០១ករណី របស់ឈ្មោះ ហែម វ៉ិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ នៅចំណុចកំពង់ទឹកក្រោយផ្ទះ ស្ថិតនៅក្នុងភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលបង្ក ឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើ សកម្មភាពលួច (ទូកនិងម៉ាស៊ីន)យកទៅបាត់។
ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នង ការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ចុះដល់ កន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូត ដល់ម៉ោង ១៩ និង ៣០នាទី នាថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២៦ បានកំណត់មុខសញ្ញាបានហើយធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានឈ្មោះ÷
១.ឈ្មោះ សុះ ហ៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរមិនពិតប្រាកដ (ជាមុខសញ្ញា ចាស់លួចយ៉ាងសកម្ម ធ្លាប់ជាប់ពន្ធនាគារ ប្រើប្រាស់សារធាតុញៀន ) មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ និង២.ឈ្មោះ សុះ ង៉ែត ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតបាកដ(ជាមុខសញ្ញាចាស់និងប្រើប្រាស់សារធាតុញៀន) មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ រួមទាំងវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរីដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
មន្ត្រីនគរបាលស្រុកអង្គរបុរីបានឲ្យដឹងបន្ថែមថាចំណែកវត្ថុតាង(ទូកនិងម៉ាស៊ីន) បានប្រគល់ជូនម្ចាស់វិញ៕










