អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្ប៉ាញ Pedro Rodriguez បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីថ្ងៃពុធ ក្នុងវ័យ ៣៩ ឆ្នាំ ដោយបញ្ចប់អាជីពដ៏ត្រចះត្រចង់រយៈពេល ២០ ឆ្នាំ ដែលបាននាំឱ្យគេឈ្នះពានរង្វាន់ធំៗចំនួន ២៥។
Pedro ដែលបានក្លាយជាកីឡាករគ្មានក្លិប បន្ទាប់ពីចាកចេញពី Lazio នៅពេលកិច្ចសន្យារបស់គេផុតកំណត់កាលពីខែកក្កដា គឺជាសមាជិកសំខាន់ម្នាក់ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ដែលឈ្នះ World Cup 2010 ហើយគេបានចូលលេងជាជម្រើស ១១ នាក់ដំបូងក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈអេស្ប៉ាញបានយកឈ្នះហូឡង់។ គេក៏បានជួយអេស្ប៉ាញឈ្នះ Euro 2012 ផងដែរ។
Pedro បានសរសេរក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញសង្គមថា៖ “ខ្ញុំមានអារម្មណ៍ថា វាដល់ពេលហើយ។ ដល់ពេលដែលត្រូវបោះជំហានទៅមុខ និងចាប់ផ្តើមជំពូកថ្មីមួយក្នុងជីវិតរបស់ខ្ញុំ។”
“ខ្ញុំចាកចេញដោយមានមោទកភាព ដែលខ្ញុំបានរស់នៅក្នុងក្តីសុបិនរបស់ខ្ញុំ ហើយសូមអរគុណដល់មនុស្សគ្រប់រូបដែលបានឈរនៅក្បែរខ្ញុំ និងជួយធ្វើឱ្យក្តីសុបិននោះក្លាយជាការពិត។ អរគុណបាល់ទាត់ ដែលបានធ្វើឱ្យខ្ញុំមានសុភមង្គលយ៉ាងខ្លាំង។”
Pedro បានឡើងមកកាន់ក្រុមធំរបស់ Barcelona ក្នុងឆ្នាំ ២០០៨ ហើយបានបង្ហាញទម្រង់លេងដ៏ល្អក្រោមការដឹកនាំរបស់ Pep Guardiola ដោយឈ្នះពានរង្វាន់ធំៗចំនួន ២០ ជាមួយក្លិបយក្សកាតាឡាន់មួយនេះ។
ខ្សែប្រយុទ្ធដែលកើតនៅ Tenerife រូបនេះ បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-១ របស់ Barcelona លើ Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១១ មុនពេលផ្ទេរទៅ Chelsea ក្នុងឆ្នាំ ២០១៥។
គេបានឈ្នះពាន Premier League ក្នុងរដូវកាលទី២ របស់ខ្លួននៅ Stamford Bridge ហើយក្រោយមកបានចំណាយពេលមួយរដូវកាលនៅ AS Roma មុនពេលផ្លាស់ទីឆ្លងកាត់ទីក្រុងទៅចូលរួមជាមួយ Lazio ដែលជាកន្លែងគេចំណាយពេល ៥ ឆ្នាំចុងក្រោយនៃអាជីព។
Pedro បានបង្ហាញខ្លួនសរុប ៧៩៤ ប្រកួតក្នុងកម្រិតក្លិប និងស៊ុតបាន ១៩៧ គ្រាប់ ខណៈសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ គេបានស៊ុតបញ្ចូលទី ១៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ៦៥ ប្រកួត៕











