ខេត្តកំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រី រួមជាមួយឯកឧត្ដម លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ៨ ខែតុលា ឆ្នាំ២០២៦ បាននាំយកទេយ្យទាន្ណិងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌ វេនទី១២ នៅវត្តទន្លាប់ វត្តខ្យាងជើង និងវត្តហង្សឈូក ស្ថិតនៅ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូរួមដំណើរ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងដារពិស្ដាររាប់បាត្រ ដើម្បីជាកិច្ចឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី។ ក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លានោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូរួមដំណើរ បានប្រគេនទេយ្យវត្ថុ និងបច្ច័យដ័ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេនចំពោះព្រះចៅអធិការវត្តដែលនិមន្ដមកពីវត្តចំនួន ២ផ្សេងទៀតផងដែរ រួមមាន វត្តខ្យាងជើង និងវត្តហង្សឈូក ដែលស្ថិតនៅក្នុងឃុំស្វាយ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្យ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ និងមានរយៈពេលវែងជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះ ត្រូវបានគេកំណត់យកតាមប្រតិទិនពុទ្ធសាសនា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ដោយឡែក ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕
ដោយ ៖ សិលា















