ការគ្រប់គ្រងសម្ពាធឈាម ឬជាតិស្ករក្នុងឈាមមិនបានល្អ ការទប់ទឹកនោមជាញឹកញាប់ ការផឹកទឹកមិនគ្រប់គ្រាន់ ការទិញថ្នាំអង់ទីប៊ីយ៉ូទិកមកប្រើដោយខ្លួនឯង និងការទទួលទានអាហារដែលមានជាតិប្រៃ ឬស្ករបន្ថែមខ្ពស់ អាចបំផ្លាញតម្រងនោមបន្តិចម្តងៗ ដោយជារឿយៗមិនបង្ហាញរោគសញ្ញាច្បាស់លាស់។
ជំងឺខ្សោយតម្រងនោមកើតឡើងនៅពេលតម្រងនោមលែងអាចចម្រោះកាកសំណល់ និងសារធាតុរាវលើសចេញពីឈាមបានគ្រប់គ្រាន់។ ជំងឺតម្រងនោមរ៉ាំរ៉ៃជារឿយៗវិវត្តយឺតៗអស់រយៈពេលជាច្រើនឆ្នាំដោយមិនសូវមានរោគសញ្ញា ហើយនៅទីបំផុតអាចនាំទៅរកជំងឺខ្សោយតម្រងនោម។
មានទម្លាប់មួយចំនួនដែលមើលទៅហាក់ដូចជាមិនមានគ្រោះថ្នាក់ ប៉ុន្តែអាចរួមចំណែកធ្វើឱ្យតម្រងនោមខូចតាមពេលវេលា។
១. មិនគ្រប់គ្រងសម្ពាធឈាម ឬជាតិស្ករក្នុងឈាម
សម្ពាធឈាម និងជាតិស្ករក្នុងឈាមដែលឡើងខ្ពស់ជាប្រចាំ អាចបំផ្លាញសរសៃឈាម និងរចនាសម្ព័ន្ធតូចៗដែលមានតួនាទីចម្រោះឈាមនៅក្នុងតម្រងនោម។ នេះបើយោងតាម The Times of India។
មនុស្សជាច្រើនរង់ចាំរហូតដល់មានរោគសញ្ញា ទើបទៅរកការព្យាបាល ខណៈការខូចតម្រងនោមអាចកំពុងវិវត្តដោយមិនមានសញ្ញាឱ្យដឹង។
អ្នកដែលមានជំងឺទឹកនោមផ្អែម ឬសម្ពាធឈាមខ្ពស់ គួរអនុវត្តតាមផែនការព្យាបាលរបស់វេជ្ជបណ្ឌិត គ្រប់គ្រងស្ថានភាពជំងឺឱ្យបានល្អ និងពិនិត្យមុខងារតម្រងនោមតាមការណែនាំរបស់គ្រូពេទ្យ។
២. មិនពិនិត្យតម្រងនោម ទោះដឹងថាខ្លួនមានកត្តាប្រឈម
តម្រងនោមអាចបំពេញមុខងារជំនួសផ្នែកដែលខូចនៅដំណាក់កាលដំបូង ដូច្នេះជំងឺតម្រងនោមជារឿយៗមិនបង្កឱ្យមានរោគសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូងឡើយ។
នៅពេលមានអាការៈហើម ការប្រែប្រួលក្នុងការនោម ឬអស់កម្លាំងជាប់រហូត ហើយធ្វើឱ្យអ្នកជំងឺទៅរកការព្យាបាល ជំងឺអាចវិវត្តទៅដំណាក់កាលធ្ងន់រួចទៅហើយ។
អ្នកដែលមានប្រវត្តិគ្រួសារមានជំងឺតម្រងនោម ឬធ្លាប់មានការខូចតម្រងនោម គួរសួរគ្រូពេទ្យថា តើត្រូវពិនិត្យញឹកញាប់ប៉ុណ្ណា។
ការធ្វើតេស្តឈាមអាចវាស់ថា តើតម្រងនោមអាចចម្រោះឈាមបានល្អកម្រិតណា ខណៈការធ្វើតេស្តទឹកនោមអាចរកឃើញសញ្ញានៃការខូចតម្រងនោម មុនពេលរោគសញ្ញាបង្ហាញខ្លួន។
៣. ទប់ទឹកនោមជាញឹកញាប់
ការទប់ទឹកនោម ឬរង់ចាំយូរពេកជាប្រចាំ អាចធ្វើឱ្យប្លោកនោមពេញក្នុងរយៈពេលយូរ និងអាចបង្កើនហានិភ័យនៃការឆ្លងមេរោគផ្លូវទឹកនោម។
ក្នុងករណីខ្លះ ការឆ្លងមេរោគអាចរាលដាលទៅដល់តម្រងនោម។ ការឆ្លងមេរោគតម្រងនោមម្តងហើយម្តងទៀត អាចប៉ះពាល់ដល់មុខងារតម្រងនោមនៅពេលក្រោយ។
ដូច្នេះ គួរជៀសវាងធ្វើជាទម្លាប់ក្នុងការពន្យារពេលចូលបន្ទប់ទឹកយូរៗ។
៤. ផឹកទឹកមិនគ្រប់គ្រាន់
ការទទួលទានទឹកមិនគ្រប់គ្រាន់ធ្វើឱ្យទឹកនោមមានកំហាប់ខ្ពស់ ដែលអាចបង្កើនហានិភ័យនៃការកើតគ្រួសក្នុងតម្រងនោមចំពោះមនុស្សមួយចំនួន។
ការខ្វះជាតិទឹកធ្ងន់ធ្ងរ ក៏អាចធ្វើឱ្យលំហូរឈាមទៅកាន់តម្រងនោមថយចុះ និងបង្កឱ្យមានការខូចតម្រងនោមស្រួចស្រាវផងដែរ។
តម្រូវការទឹករបស់មនុស្សម្នាក់ៗខុសគ្នា អាស្រ័យលើសុខភាព ទំហំរាងកាយ កម្រិតសកម្មភាព និងបរិយាកាសដែលរស់នៅ។ ទោះជាយ៉ាងណា សម្រាប់មនុស្សពេញវ័យជាច្រើន ការផឹកទឹកប្រហែល ២ លីត្រក្នុងមួយថ្ងៃ គឺជាគោលការណ៍ទូទៅមួយ។
យោងតាម WebMD ការផឹកទឹកជាប្រចាំពេញមួយថ្ងៃ និងបង្កើនការទទួលទានទឹកនៅពេលអាកាសធាតុក្តៅ ឬបន្ទាប់ពីបែកញើសខ្លាំង អាចជួយការពារការខ្វះជាតិទឹក។
៥. ប្រើថ្នាំអង់ទីប៊ីយ៉ូទិកដោយគ្មានការណែនាំពីគ្រូពេទ្យ
ថ្នាំអង់ទីប៊ីយ៉ូទិកមួយចំនួនអាចប៉ះពាល់ដល់មុខងារតម្រងនោម ជាពិសេសនៅពេលប្រើមិនត្រឹមត្រូវ។
ការខូចតម្រងនោមដែលបណ្តាលមកពីថ្នាំ អាចធ្វើឱ្យសមត្ថភាពតម្រងនោមក្នុងការចម្រោះឈាមថយចុះ ហើយក្នុងករណីធ្ងន់ធ្ងរ អាចនាំទៅរកជំងឺខ្សោយតម្រងនោមស្រួចស្រាវ។
ថ្នាំអង់ទីប៊ីយ៉ូទិកគួរប្រើតែពេលមានវេជ្ជបញ្ជាពីគ្រូពេទ្យ និងត្រូវប្រើតាមកម្រិត និងរបៀបដែលបានណែនាំឱ្យបានត្រឹមត្រូវ។
៦. ទទួលទានជាតិប្រៃ និងស្ករបន្ថែមច្រើនពេក
របបអាហារដែលមានសាច់ក្រក សាច់កែច្នៃ មីកញ្ចប់ អាហាររហ័ស និងអាហារវេចខ្ចប់ច្រើន ជារឿយៗមានជាតិសូដ្យូម ខ្លាញ់ និងកាឡូរីខ្ពស់។
ក្នុងរយៈពេលយូរ អាហារបែបនេះអាចរួមចំណែកដល់សម្ពាធឈាមខ្ពស់ ការឡើងទម្ងន់ និងបញ្ហាមេតាប៉ូលីស ដែលសុទ្ធតែមានទំនាក់ទំនងជាមួយការថយចុះនៃមុខងារតម្រងនោម។
ការជ្រើសរើសអាហារស្រស់ ឬអាហារដែលកែច្នៃតិច និងកាត់បន្ថយការទទួលទានអំបិល អាចជួយគាំទ្រសុខភាពរយៈពេលវែងបានល្អជាង។
ជាតិស្ករបន្ថែមអាចជំរុញការឡើងទម្ងន់ ភាពធាត់ និងភាពធន់នឹងអាំងស៊ុយលីន ដែលបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ ជំងឺនេះគឺជាមូលហេតុសំខាន់មួយនៃជំងឺតម្រងនោមរ៉ាំរ៉ៃ និងជំងឺខ្សោយតម្រងនោម។
របបអាហារដែលមានអាហារ និងភេសជ្ជៈផ្អែមច្រើន ក៏អាចរួមចំណែកដល់សម្ពាធឈាមខ្ពស់ ដែលអាចបំផ្លាញសរសៃឈាមតូចៗដែលតម្រងនោមត្រូវការសម្រាប់ចម្រោះឈាម។
យោងតាម American Heart Association សម្រាប់មនុស្សភាគច្រើន គួរកំណត់ជាតិស្ករបន្ថែមមិនឱ្យលើសពី ២៥ ក្រាម ឬប្រហែល ៦ ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ សម្រាប់ស្ត្រី និង ៣៦ ក្រាម ឬប្រហែល ៩ ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ សម្រាប់បុរស៕










