ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
វេលាម៉ោង១៦:២០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន០៥នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញប្រតិបត្តិការចុះទៅចំណុចមុខខុនដូរមីងយ៉ាង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងធ្វើការឃាត់ខ្លួន ជនជាតិចិន ចំនួន ០១នាក់ (ប្រុស) រថយន្ត ចំនួន ០១គ្រឿង សង្ស័យពាក់ព័ន្ធនឹងករណី បំពាក់ឧបករណ៍ Fake BTS ផ្តាច់សេវាទូរសព្ទ ហើយបញ្ជូនសារចូលទូរសព្ទពលរដ្ឋ។
១/ ឈ្មោះ DENG CHENGHU អាយុ ៣៣ឆ្នាំ។
សមត្ថកិច្ចចាប់ដកហូតវត្ថុតាងរួមមាន៖
– ដុំបំម្លែងភ្លើង ចំនួន ០១គ្រឿង
– អង់តែន ចំនួន ០២
– ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ០២គ្រឿង
– ទូរសព្ទដៃបញ្ជាម៉ាសុីន ចំនួន ០១គ្រឿង
– លិខិតឆ្លងដែន ចំនួន ០១ក្បាល
– រថយន្ត ចំនួន ០១គ្រឿង ម៉ាក ព្រុស ពណ៌ប្រផេះ ស្លាកលេខ កំពត 2B-4152។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកការិយាល័យជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕
ប្រភព ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ










