កុមារ ៥នាក់លង់ទឹកសមុទ្រនៅខេត្តកំពត ខណៈសមត្ថកិច្ចជួយសង្គ្រោះបាន ៤នាក់ និងម្នាក់បានបាត់បង់ជីវិត

ចែករំលែក៖

ខេត្តកំពត៖ កុមារចំនួន ៥នាក់បានលង់ទឹកសមុទ្រ បន្ទាប់ពីចុះលេងទឹកនៅចំណុចព្រែកកំពង់បាយ ក្នុងភូមិសាស្ត្រខេត្តកំពត កាលពីវេលាម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដោយសាររលកសមុទ្រធំៗបោកបក់។ ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ច និងក្រុមម៉ូតូទឹកបានអន្តរាគមន៍ជួយសង្គ្រោះកុមារបានចំនួន ៤នាក់ ខណៈកុមារប្រុសម្នាក់បានបាត់បង់ជីវិត។

 

កុមារដែលបានបាត់បង់ជីវិតមានឈ្មោះ អែម ភក្តី អាយុ ៧ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយកើតហេតុ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចេញអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់។

 

ក្រោយពីសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានធ្វើកោសល្យវិច័យ សមត្ថកិច្ចបានបញ្ជាក់ថា កុមាររូបនេះពិតជាបានស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print