Vinicius Junior ជួបពេលវេលាដ៏ច្របូកច្របល់ ក្រោយបែកបាក់ស្នេហា និងទទួលកាតក្រហម

ចែករំលែក៖

តារាបាល់ទាត់របស់ក្លិប Real Madrid កីឡាករ Vinicius Junior កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកទាំងក្នុង និងក្រៅទីលានប្រកួត។ ស្ថានភាពនេះកាន់តែស្មុគស្មាញ បន្ទាប់ពីរូបគេបានបែកបាក់ស្នេហាជាមួយមិត្តស្រី និងទទួលបានកាតក្រហមដ៏ចម្រូងចម្រាស ដែលអាចធ្វើឱ្យគេអវត្តមានពីការប្រកួតជាច្រើនលើក។

 

យោងតាមសារព័ត៌មាន Globo ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ និងអ្នកបង្កើតមាតិកាតាមអ៊ីនធឺណិត Virginia Fonseca បានបែកបាក់គ្នាជាលើកទី២។ ប្រភពមួយបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការបែកបាក់នេះគឺជាការសម្រេចចិត្តរួមគ្នា មិនមែនបណ្តាលមកពីជម្លោះជាក់លាក់ណាមួយឡើយ។ អ្នកទាំងពីរគ្រាន់តែយល់ឃើញថា ពួកគេមិនអាចបន្តទំនាក់ទំនងស្នេហាជាគូស្នេហ៍តទៅទៀតបាន។

 

Vinicius ដែលត្រូវបានគេស្គាល់ថា Vini និង Fonseca បានចាប់ផ្តើមទាក់ទងគ្នានៅចុងឆ្នាំ២០២៥។ ពួកគេធ្លាប់បែកគ្នាម្តងរួចមកហើយក្នុងខែឧសភា ឆ្នាំ២០២៦ នៅពេល Fonseca បាននិយាយថា នាងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងទំនាក់ទំនងនេះ ប៉ុន្តែមិនចង់បន្តស្នេហាដែលលែងស្របតាមគោលការណ៍ផ្ទាល់ខ្លួនរបស់នាងទៀតទេ នេះបើយោងតាមសារព័ត៌មាន Goal។

 

ទោះជាយ៉ាងណា អ្នកទាំងពីរបានផ្សះផ្សាទំនាក់ទំនងគ្នាវិញនៅខែមិថុនា មិនយូរប៉ុន្មានក្រោយការបែកគ្នា។ ពួកគេបានបង្ហាញខ្លួនជាសាធារណៈជាមួយគ្នានៅក្នុងពិធីបើកកន្លែងហាត់ប្រាណរបស់ Fonseca ហើយហាក់ដូចជាបានដោះស្រាយបញ្ហារវាងគ្នាបានល្អ មុនពេលឈានដល់ការបែកបាក់ជាលើកចុងក្រោយនេះ។

 

ក្រៅពីបញ្ហាស្នេហា Vini ក៏កំពុងជួបការលំបាកនៅក្លិប Real Madrid ផងដែរ។ ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះ ត្រូវបានគ្រូបង្វឹក Jose Mourinho ដាក់ឱ្យអង្គុយបម្រុងក្នុងការប្រកួត La Liga ថ្មីៗនេះជាមួយ Villarreal បន្ទាប់ពីទម្រង់លេងរបស់គេធ្លាក់ចុះនាពេលកន្លងមក។

 

រូបគេបានចូលលេងជាកីឡាករបម្រុងក្នុងវគ្គទី២ មិនយូរប៉ុន្មានមុនពេល Yan Diamonde ស៊ុតបញ្ចូលទីឱ្យ Madrid នាំមុខនៅនាទីទី៦២។

 

នៅនាទីទី៧១ Vini គិតថាខ្លួនបានស៊ុតបញ្ចូលទីគ្រាប់ទី២ ឱ្យក្រុម ហើយថែមទាំងបានអបអរជាមួយ Mourinho ទៀតផង។ ប៉ុន្តែបន្ទាប់ពីពិនិត្យឡើងវិញតាមប្រព័ន្ធ VAR អាជ្ញាកណ្តាលបានរកឃើញថា Vini បានទាញសក់របស់ខ្សែការពារ Villarreal កីឡាករ Nathan Saliba ក្នុងដំណើរការបង្កើតឱកាសស៊ុតបញ្ចូលទី។

 

ជាលទ្ធផល គ្រាប់បាល់នោះត្រូវបានលុបចោល ហើយ Vini ទទួលបានកាតក្រហមដោយផ្ទាល់ ដែលធ្វើឱ្យ Real Madrid នៅសល់កីឡាករត្រឹម ១០ នាក់ ចាប់ពីនាទីទី៧៣។ ទោះបីជាយ៉ាងនេះក្តី ក្រុម Madrid នៅតែអាចរក្សាលទ្ធផលឈ្នះ ១-០ រហូតដល់ចប់ការប្រកួត។

 

ក្រោយមក ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានបង្ហោះសារសុំទោសក្រុម និងអ្នកគាំទ្រតាម Instagram។ ទោះជាយ៉ាងណា គេបានរងការរិះគន់ដោយសារមិនបានសុំទោស Saliba ផ្ទាល់ និងដោយសារត្អូញត្អែរអំពីការទទួលកាតជាញឹកញាប់។

 

កាតក្រហមនេះអាចធ្វើឱ្យ Vini ត្រូវពិន័យព្យួរការប្រកួតចំនួន ២ ឬ ៣ លើក ដែលអាចបណ្តាលឱ្យគេខកខានការប្រកួតដ៏សំខាន់នាពេលខាងមុខជាមួយ Barcelona ដែលគេស្គាល់ថាជា El Clásico។

 

Vinicius កើតនៅឆ្នាំ២០០០ ក្នុងទីក្រុង Sao Goncalo ប្រទេសប្រេស៊ីល ហើយត្រូវបានគេទទួលស្គាល់តាំងពីវ័យក្មេងថាជាកីឡាករបាល់ទាត់ដ៏មានទេពកោសល្យរបស់ប្រទេសនេះ។ រូបគេបានចូលរួមជាមួយក្លិប Flamengo នៅអាយុ ១០ ឆ្នាំ និងបង្ហាញខ្លួនជាកីឡាករអាជីពដំបូងនៅអាយុ ១៦ ឆ្នាំ។

 

នៅឆ្នាំ២០១៨ គេបានផ្ទេរទៅកាន់ Real Madrid ក្នុងតម្លៃ ៥០ លានដុល្លារ ដែលជាកំណត់ត្រាតម្លៃផ្ទេរសម្រាប់កីឡាករវ័យជំទង់នៅពេលនោះ។

 

នៅ Real Madrid រូបគេ បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ រហូតក្លាយជាកីឡាករឆ្នើមម្នាក់។ រូបគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមឈ្នះជើងឯក Champions League ចំនួន ២ លើក ពាន La Liga ចំនួន ៣ លើក ពាន Spanish Super Cup ចំនួន ៣ លើក ពាន Copa del Rey ចំនួន ១ លើក ពាន UEFA Super Cup ចំនួន ២ លើក ពាន FIFA Club World Cup ចំនួន ១ លើក និងពាន Intercontinental Cup ចំនួន ១ លើក។

 

កាលពីខែសីហា រូបគេបានបន្តកិច្ចសន្យាជាមួយ Real Madrid រហូតដល់ឆ្នាំ២០៣២ ដែលធ្វើឱ្យគេក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងក្លិប។

 

ចំណែក Fonseca វ័យ ២៧ ឆ្នាំ បានចាប់ផ្តើមអាជីពតាមរយៈការបង្កើតវីដេអូអំពីរបៀបរស់នៅ និងសម្រស់ មុនពេលពង្រីកអាជីវកម្មទៅក្នុងវិស័យគ្រឿងសម្អាង និងផលិតកម្មកម្សាន្ត។

...

 

នាងធ្លាប់រៀបការជាមួយតារាចម្រៀង Ze Felipe ដែលជាកូនប្រុសរបស់តារាចម្រៀងប្រេស៊ីលដ៏ល្បី Leonardo ចាប់ពីឆ្នាំ២០២១ រហូតដល់ពួកគេលែងលះគ្នានៅឆ្នាំ២០២៥។ អ្នកទាំងពីរមានកូនជាមួយគ្នាចំនួន ៣ នាក់ ក្នុងនោះមានកូនស្រីម្នាក់ឈ្មោះ Maria Flor៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print