ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហោះសារឆ្លើយតបទៅកាន់ លោក សម រង្ស៊ី ដែលមានខ្លឹមសារដូចខាងក្រោម៖
ឃើញលោក សម រង្ស៊ី បង្ហោះវីដេអូមួយដែលគាត់ផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីឆ្នាំ២០១៩ ហើយដែលសារព័ត៌មានអនឡាញថៃ Top News យកទៅប្រើដើម្បីរំលេចរូបភាព (Illustrate) នៅពេលលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយពីលោក សម រង្ស៊ី។
លោក សម រង្ស៊ី និងគូកនរបស់គាត់បានយករូបភាពវីដេអូនេះមកធ្វើជាភស្តុតាងដើម្បីបញ្ជាក់ថាជារូបភាពចាស់ដែលគាត់បានផ្តល់សម្ភាសន៍យូរហើយ។ ក្រុមរបស់គាត់ថែមទាំងបានចោទគេឯងថា បានយករូបភាពចាស់មកកាត់តដើម្បីវាយប្រហារលោក សម រង្ស៊ី ។
ខ្ញុំសូមបញ្ជាក់ជូនវិញថា បញ្ហាពាក់ព័ន្ធនឹងលោក សម រង្ស៊ី មិនមែនរូបភាពនោះទេ។ បញ្ហាគឺនៅត្រង់ថា លោក Nantiwat Samart បានប្រាប់សារព័ត៌មាន Top News ថា លោក សម រង្ស៊ី បាននិយាយថា៖ «ភាគីកម្ពុជាជាអ្នកបាញ់មុន…»។ នេះជាចំណុចដែលលោក សម រង្ស៊ី ត្រូវចេញមុខបញ្ជាក់។
ចំណែកវីដេអូនោះ អ្នកសារព័ត៌មានគ្រាន់តែយកមកប្រើដើម្បីបង្ហាញរូបលោក សម រង្ស៊ី តែប៉ុណ្ណោះ។អ្នកសារព័ត៌មានអាចប្រើរូបភាពណាមួយក៏បានដែលគេជ្រើសរើស មិនថារូបនោះចាស់ឬថ្មីឡើយពោលគឺជារូបឯកសារ ហើយគេដាក់ Caption/Credit photo នៅពីក្រោម។ នេះជាកិច្ចការរបស់អ្នកសារព័ត៌មានទូទៅដែលគេតែងតែធ្វើ។ ដូច្នេះ ការបង្ហាញរូបនេះហើយអះអាងថា ជារូបភាពចាស់យូរហើយដើម្បីគេចវេសពីអ្វីដែលខ្លួនត្រូវបកស្រាយមិនត្រឹមត្រូវទេហើយក៏មិនមែនជាមធ្យោបាយដោះស្រាយបញ្ហាដែរ។
ជាធម្មតា ពេលមានសារព័ត៌មានណាមួយចេញផ្សាយព័ត៌មានខុសឬអ្នកណាម្នាក់និយាយប៉ះពាល់ដល់បុគ្គលណាម្នាក់ បុគ្គលរូបនោះត្រូវចេញមុខបដិសេធចោលដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួនជាពិសេសរឿងធំៗដូចករណីដែលអតីតមន្ត្រីថៃបាននិយាយពាក់ព័ន្ធលោក សម រង្ស៊ី នៅពេលនេះ។ តែហេតុអ្វីបានជាលោក សម រង្ស៊ី មិនបដិសេធព័ត៌មានដែលគេផ្សាយយ៉ាងអាក្រក់ពីរូបគាត់ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ? នេះជាសំណួរដែលត្រូវពិចារណា។
ហេតុអ្វីទាំងលោក សម រង្ស៊ី ទាំងលោក អ៊ុំ សំអាន ចេះតែគេចវេសពីការពិតហើយបង្វែរទៅរឿងផ្សេងរហូត?
ដើម្បីជម្រះរឿងនេះ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីរបស់អតីតមន្ត្រីថៃរូបនោះជាសាធារណៈ។ បើមិនបដិសេធ មានន័យថា គាត់ពិតជាបាននិយាយមែន!៕
ដោយ ៖ សិលា









