ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះថា ចំពោះបុគ្គល ដែលត្រូវបានគេបង្ហាញអត្តសញ្ញាណជាអ្នកកាសែត ហើយមានការជាប់ពាក់ព័ន្ធក្នុងករណីប្រព្រឹត្តបទល្មើសក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ជូនថា ជននោះមិនមែនជាអ្នកកាសែតទេ រីឯបណ្ណសម្គាល់អ្នកសារព័ត៌មានរបស់គាត់ គឺជាកាតចាស់ ដែលបានផុតសុពលភាពកាលពីឆ្នាំ២០២៣។ តែប្រសិនបើទង្វើល្មើសច្បាប់កើតឡើងក្នុងករណីស្រដៀងគ្នានេះ ហើយពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ដោយមានអង្គហេតុ អង្គច្បាប់បញ្ជាក់ច្បាស់លាស់ នោះវាគឺជាទង្វើបំពានច្បាប់ និងការរំលោភក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ ដែលបុគ្គលពាក់ព័ន្ធនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ហើយក្រៅពីការទទួលខុសត្រូវតាមផ្លូវច្បាប់ អ្នកដែលជាប់ពាក់ព័ន្ធនឹងទង្វើល្មើសនោះ អាចឈានទៅដល់ការលុបឈ្មោះ ឬអស់សិទ្ធិជាអ្នកកាសែត រីឯអង្គភាពរបស់គាត់ក៏អាចប្រឈមនឹងការដកអាជ្ញាបណ្ណផងដែរ ដោយសារការបំពានច្បាប់ និងរំលោភក្រមសីលធម៌ធ្ងន់ធ្ងរ ដើម្បីការពារកិត្តិយសរបស់អ្នកសារព័ត៌មានដែលបំពេញការងារយ៉ាងស្មោះត្រង់ ដោយគោរពច្បាប់ និងអនុវត្តវិជ្ជាជីវៈត្រឹមត្រូវ។ ការអនុវត្តវិធានការច្បាប់តឹងរឹង និងមានសង្គតិភាព ដើម្បីទប់ស្កាត់កុំឱ្យបុគ្គលខិលខូចមួយចំនួនតូចបន្លំយកឈ្មោះសារព័ត៌មានធ្វើជាខែល បង្កើតជាគំរូអាក្រក់ក្នុងសង្គម។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ៗដោយសូមជូនសារ និងជំហរម៉ឺងម៉ាត់ថា៖ «សូមកុំឱ្យទង្វើឯកជនរបស់បុគ្គលខិលខូច ដែលបំពានច្បាប់ ក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈ ជះឥទ្ធិពលអវិជ្ជមាន ប៉ះពាល់ដល់តម្លៃនៃវិជ្ជាជីវៈទាំងមូល។ ដូច្នេះយើងត្រូវសកម្មចូលរួមការពារតម្លៃនៃវិជ្ជាជីវៈ និងវិស័យសារព័ត៌មាន មិនត្រូវទុកលំហឱ្យទង្វើបំពានច្បាប់ ប្រាសចាកក្រមសីលធម៌របស់បុគ្គលឯកជនមួយចំនួនតូច បំផ្លាញឆន្ទៈ និងទឹកចិត្តរបស់អ្នកសារព័ត៌មានស្មោះត្រង់ដែលកំពុងបំពេញការងារយ៉ាងត្រឹមត្រូវ ដោយវិជ្ជាជីវៈ ក្រមសីលធម៌ច្បាស់លាស់នោះឡើយ»។
បន្ថែមពីនេះ លោកអ្នកនាំពាក្យរូបនេះ សូមអំពាវនាវដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋឱ្យ ចូលរួមការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរនៃវិស័យព័ត៌មាន និងអ្នកដែលអនុវត្តសកម្មភាពក្នុងវិស័យនេះ៖
ទី១. សូមសាធារណជនបែងចែកឱ្យដាច់រវាងការអនុវត្តការងារវិជ្ជាជីវៈ និងទង្វើរបស់បុគ្គល។ យើងត្រូវតែរួមគ្នាការពារ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដែលប្រកបអាជីពដោយស្របច្បាប់ ស្មោះត្រង់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងខិតខំបម្រើផលប្រយោជន៍សាធារណៈ ដែលខុសពីសកម្មភាពឯកជនរបស់បុគ្គល ធ្វើឡើងសម្រាប់បម្រើតែប្រយោជន៍បុគ្គល ឬក្រុមណាមួយ។
២. ក្រសួងព័ត៌មានបាននិងកំពុងបន្តពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងដាក់ចេញនូវវិធាន សេចក្តីណែនាំនានា ក្នុងគោលបំណងលើកកម្ពស់គុណភាពវិជ្ជាជីវៈ ពង្រឹងលក្ខខណ្ឌគុណវុឌ្ឍិ និងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដោយនិយាមប្រតិបត្តិ ស្តង់ដារខ្ពស់ ដើម្បីធានាសណ្តាប់ធ្នាប់សារព័ត៌មាន និងលើកតម្កើងសីលធម៌ របៀបរៀបរយក្នុងសង្គម។
៣. ក្រសួងបន្តបេសកកម្មក្នុងការបង្កើន និងពង្រឹងធនធានមនុស្សផ្នែកសារព័ត៌មាន ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញពិតប្រាកដ និងមានការចូលរួមពីរៀមច្បងដែលមានអតីតភាពការងារក្នុងវិស័យសារព័ត៌មាន ដើម្បីចែករំលែក ផ្ទេរចំណេះជំនាញ និងបទពិសោធន៍អាជីព ដើម្បីរួមចំណែកក្នុងការបណ្តុះ និងអភិវឌ្ឍសមត្ថភាពអ្នកបន្តវេន និងលើកកម្ពស់ឧត្តមភាពនៃវិស័យព័ត៌មាននៅកម្ពុជា។
៤. មិនមានការលើកលែងដាច់ខាតចំពោះបុគ្គលដែលជ្រកក្រោមស្លាក «អ្នកសារព័ត៌មាន» ហើយទៅប្រព្រឹត្តបទល្មើស, ទង្វើផ្ទុយច្បាប់ ឬប្រាសចាកក្រមសីលធម៌ឡើយ។
ការចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ និងវិធានការរដ្ឋបាល គឺដើម្បីលើកតម្កើងប្រព័ន្ធនីតិរដ្ឋ ធានាបរិយាកាសការងារស្អាតស្អំ និងការពារតម្លៃវិជ្ជាជីវៈ និងការងារសារព័ត៌មាន ជៀសវាងកុំឱ្យមានគំរូអាក្រក់ក្នុងសង្គម។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏សូមក្រើនរំលឹកជាថ្មីដល់អ្នកសារព័ត៌មានទាំងអស់ ក្នុងការអនុវត្តការងារត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពច្បាប់ជាធរមាន និងបំពេញភារកិច្ចដោយស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់តម្លៃការងារវិជ្ជាជីវៈ និងបង្កើនជំនឿចិត្តរបស់សាធារណជន៕
ដោយ៖តារា










