ដ្រូនអ៊ុយក្រែនជិត ១០០០គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយកម្លាំងការពារដែនអាកាសរុស្ស៊ី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា យោធារុស្ស៊ីបាននិយាយនៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែន សរុបចំនួន ៩០២គ្រឿង កាលពីវេលាយប់កន្លងទៅនេះ ដោយក្នុងនោះ ១៨០គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្បែររដ្ឋធានីមូស្គូ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ក្នុងអំឡុងពេលមួយយប់កន្លងមកនេះ ប្រព័ន្ធការពារដែនអាកាស បានបំផ្លាញយន្តហោះដ្រូនអ៊ុយក្រែនចំនួន ៩០២គ្រឿង» នៅទូទាំងតំបន់ប្រមាណជា២០របស់រុស្ស៊ី និងតំបន់គ្រីមៀ ដែលរុស្ស៉ីបានកាត់យកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា «យន្តហោះដ្រូនចំនួន ១៨០គ្រឿងត្រូវបានបំផ្លាញ អំឡុងពេលពួកវាហោះឆ្ពោះមករកទីក្រុងមូស្គូ»។
លោកបានបង្ហោះសារលើ Telegram ថា នេះជាការវាយប្រហារដោយយន្តហោះដ្រូនដ៏ធំបំផុតមួយ ក្នុងចំណោមការវាយប្រហារ ដែលបានកំណត់គោលដៅលើក្រុងមូស្គូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ការវាយប្រហារនេះបានរំខានដល់ ប្រតិបត្តិការនៅព្រលានយន្តហោះរបស់ទីក្រុង ដោយជើងហោះហើរនៅអាកាសយានដ្ឋាន Vnukovo ត្រូវបានផ្អាកអស់រយៈពេលជាង ៨ម៉ោង។
ទន្ទឹមគ្នា ក្រសួងការពារជាតិរុស្ស៊ី ក៏បាននិយាយដែរថា ក្នុងអំឡុងពេលពេញមួយយប់ដូចគ្នា ខ្លួនបានបើក ការវាយប្រហារទ្រង់ទ្រាយធំ ដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់ លើ ទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទំនាក់ទំនង នៅរដ្ឋធានីកៀវនិងតំបន់ជុំវិញ ព្រមទាំងនៅតំបន់ Kharkiv របស់អ៊ុយក្រែន។ ក្រសួងបានអះអាងថា គោលដៅទាំងអស់នោះ បម្រើផលប្រយោជន៍យោធារបស់អ៊ុយក្រែន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print