ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួននារីម្នាក់ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថលើវីរកងទ័ពកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦។
ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងទទួលផែនការងារសន្តិសុខ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួននារីម្នាក់ពាក់ព័ន្ធនឹងករណីជេរប្រមាថវីរកងទ័ព។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ទោ ជីន សុភាពនាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវនិងនាំខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ អ ឈ អ ភេទស្រី អាយុ ១៩ឆ្នាំ នៅចំណុចភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នារីរូបនេះបានLive វីដេអូតាម BIGO Live ដោយប្រើប្រាស់ពាក្យសម្តីអសុរោះ និងអសីលធម៌ទៅលើកងទ័ពក្នុងខ្លឹមសារថា៖ “បើអាចុយម្រាយ ត្រូវគ្រាប់ទាហាន ក្តួយម៉ែវា ចុយម្រាយក្តួយឪវាហ្នឹង អាចុយម្រាយពួកអាទាហាន អញក្រុមអញជេរមែនអាក្រុមទាហានហ្នឹង អញនិយាយអញ្ចឹង អាណាចង់យកអញទៅប្ដឹង ប្ដឹងទៅ! អញអត់ខ្វល់ទេ អញនិយាយតែពាក្យពិតទេ ឱ្យវាងាប់នៅជាយដែនហ្នឹងក៏ល្អដែរ អញទះដៃម៉ង” រួចបានរត់គេចទៅសំងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រើពាក្យសម្តីមិនសមរម្យ ជេរប្រមាថលើវីរកងទ័ពប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










