នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនកម្មកររោងចក្រ ៣ នាក់អង្គុយជុំគ្នានៅទំនប់ប្រឡាយនាយប់រំលងអធ្រាត្រឆែកឆេររកឃើញថ្នាំញៀន ៤កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល÷ យុវជន ៣នាក់ ដែលមានមុខរបរជាកម្មកររោងចក្រ និងធ្លាប់ជាប់ពន្ធនាគារ ត្រូវបានកម្លាំងនគរបាលចុះឃាត់ខ្លួនដល់កន្លែង រួមជាមួយថ្នាំញៀន ៤កញ្ចប់តូច ខណៈដែលពួកគេកំពុងអង្គុយជុំគ្នានៅទំនប់ប្រឡាយ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង០០និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ តុលា ២០២៦ នៅត្រង់ចំណុចទំនប់ប្រឡាយ ស្ថិតនៅភូមិត្រពាំងអណ្តូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

 

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ ខ្លួនមានចំនួន ៣នាក់ រួមមានទី១ ឈ្មោះ ម៉ូវ ប៊ុនមី ភេទ ប្រុស អាយុ២២ឆ្នាំធ្លាប់ជាប់ពន្ធនាគារព្រៃស ១ លើក រយៈពេល ៣ឆ្នាំពីបទលួច,ទី២ ឈ្មោះ អឿន សុផា ភេទ ប្រុស អាយុ២១ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារព្រៃស ១លើករយៈពេល ៦ខែពីបទប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទាស្រុកកណ្តាលស្ទឹង ១លើករយៈពេល ៦ខែ និងទី៣ ឈ្មោះ នៅ ឧសភា ភេទប្រុស អាយុ ២១ឆ្នាំ។ អ្នកទាំង ៣នាក់ មានមុខរបរជាកម្មកររោងចក្រ មានទីលំនៅភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានសារធាតុញៀនក្នុងទឹកនោមដូចគ្នា។

 

លោកអធិការបានបន្តថា ភ្លាមៗនោះកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿង ញៀនម៉ាទឹកកកចំនួន ៤កញ្ចប់តូច ទម្ងន់ ០,៩៧ក្រាម កូនកាបូបសម្រាប់លាក់គ្រឿងញៀនចំនួន ១ ម៉ូតូចំនួន ២គ្រឿង (ម៉ាកវីនន័រពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១LO-២៣៧១ និងម៉ាក HONGDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JO-៤៩៦៥) ទូរស័ព្ទដៃចំនួន ២គ្រឿង (ម៉ាក iphone11 plus ពណ៌ប្រផេះ និងម៉ាក Realme ពណ៌ខៀវ) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយ ចំនួនទៀត។

 

លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើបានចេញល្បាតនៅក្នុងភូមិសាស្ត្រ លុះដល់ចំណុចទំនប់ប្រឡាយក៏បានឃើញជនសង្ស័យកំពុងអង្គុយជុំគ្នា។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានសុំត្រួតពិនិត្យឆែកឆេរ ក៏រកឃើញថ្នាំញៀន ៤កញ្ចប់តូច លាក់ទុកក្នុងកូនកាបូបនៅលើខ្លួនឈ្មោះ ម៉ូវ ប៊ុនមី បន្ទាប់មកទើបនាំខ្លួនពួកគេបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ូវ ប៊ុនមី បានឆ្លើយសារភាពថា គ្រឿងញៀន ៤កញ្ចប់តូចនេះ គឺ ជារបស់ខ្លួនដែលបានទិញពីមុខសញ្ញាមិនស្គាល់ ឈ្មោះនៅម្ដុំក្តាន់ពីរ រាជធានីភ្នំពេញ ក្នុងតម្លៃ ៤ម៉ឺនរៀលដើម្បីយកមកប្រើប្រាស់ជាមួយគ្នា។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print