អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងកណ្តាលយប់នៅសង្កាត់ស្ទឹងមានជ័យទី២ ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងបានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកណ្តាលអធ្រាត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនាំគ្នារាយការណ៍ទៅសមត្ថកិច្ច ដើម្បីសុំអន្តរាគមន៍បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ជាបន្ទាន់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ១២ និង ៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីផ្ទះខាងលើ បន្ទាប់មកក៏មានអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាទាញទុយយោទឹកជួយបាញ់ទប់ស្កាត់អគ្គិភ័យជាបណ្តោះអាសន្ន ព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចជំនាញ ដើម្បីស្នើសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មានអំពីករណីអគ្គិភ័យនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យតាមគោលដៅនានា ចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់។

ក្រោយកម្លាំងសមត្ថកិច្ចជំនាញធ្វើប្រតិបត្តិការបាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមក ទើបអគ្គិភ័យត្រូវបានពន្លត់ជាស្ថាពរ។

...

ក្នុងហេតុការណ៍នេះ មិនមានមនុស្សស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែផ្ទះ និងសម្ភារៈប្រើប្រាស់មួយចំនួនធំបានរងការខូចខាត។ ចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានអគ្គិភ័យនេះ សមត្ថកិច្ចជំនាញនឹងបន្តស្រាវជ្រាវ និងបញ្ជាក់នៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print