ក្រុម Houthi បានបាញ់មីស៊ីលបាលីស្ទិកទៅកាន់អគារវិមានប្រធានាធិបតីយេម៉ែនក្នុងទីក្រុង Aden ដែលទំនងជាវាយប្រហារមជ្ឈមណ្ឌលបញ្ជាការ និងសម្លាប់មនុស្សប្រាំនាក់។
សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ បានផ្សាយថា ក្រុមហ៊ូទី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបាញ់មីស៉ីលទៅលើវិមានប្រធានាធិបតី នៅក្នុងទីក្រុង Aden ដែលជារដ្ឋធានីបណ្តោះអាសន្ននៃរដ្ឋាភិបាលយេម៉ែនទទួលស្គាល់ដោយអន្តរជាតិ ខណៈអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់អ៉ីរ៉ង់ថាជាអ្នកនៅពីក្រោយការកើនឡើងភាពតានតឹងក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃនេះ។
រដ្ឋមន្ត្រីយេម៉ែនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការវាយប្រហារនេះត្រូវចំទីបញ្ជាការក្នុងបរិវេណវិមានប្រធានាធិបតី ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងរដ្ឋាភិបាល និងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ហើយលោកនាយករដ្ឋមន្ត្រី Shaya al-Zindani ក៏មានវត្តមាននៅទីនោះដែរ ប៉ុន្តែមិនបានរងគ្រោះថ្នាក់អ្វីឡើយ។ តាមប្រភពយោធានៃរដ្ឋាភិបាលយេម៉ែន មនុស្ស ៤នាក់បានស្លាប់ និង ១០នាក់រងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ លើវិមាន Al-Maashiq ក្នុងទីក្រុង Aden ដែលស្ថិតនៅភាគខាងត្បូងប្រទេសកំពុងបែកបាក់មួយនេះ។
អនុរដ្ឋមន្ត្រីទទួលបន្ទុកការទូតសាធារណៈនៃក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានថ្លែងថា ទីក្រុងរីយ៉ាដនៅតែបន្តទាក់ទងទៅអ៉ីរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់ហាក់ដូចជានៅមិនទាន់ត្រៀមខ្លួនក្នុងការធ្វើការសម្បទាននោះទេ។ លោក Rayed Krimly គូសបញ្ជាក់ថា «យើងគិតថា ការបង្កហេតុថ្មីចុងក្រោយនេះដោយក្រុមហ៊ូទី ទទួលបានការលើកទឹកចិត្តពីអ៉ីរ៉ង់»។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានដណ្តើមកាន់កាប់ទឹកដីតាមបណ្តោយឆ្នេរសមុទ្រក្រហមប្រទេសយេម៉ែន ខណៈដែលប្រតិបត្តិការវាយបករបស់រដ្ឋាភិបាល ដោយមានជំនួយគាំទ្រផ្លូវអាកាសពីអារ៉ាប៊ីសាអូឌីត រហូតមកទល់ពេលនេះ នៅតែមិនទាន់អាចដណ្តើមយកទឹកដីទាំងនោះត្រឡប់មកវិញបាននៅឡើយទេ៕ ដោយធីរីណា

រូបថត: AFP









