ខេត្តពោធិ៍សាត់÷ ផ្ទះបណ្ដែតទឹករបស់ប្រជាពលរដ្ឋចំនួន ៥ខ្នង និងសាលាបឋមសិក្សា ១ខ្នង ស្ថិតនៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ បានរងការ ខូចខាតយ៉ាងដំណំ បន្ទាប់ពីមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង បណ្ដាលឱ្យសំណង់ទាំងនោះក្រឡាប់ចូលក្នុងទឹក។ ហេតុការណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅក្នុងភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមការបញ្ជាក់ពីសមត្ថកិច្ច ផ្ទះដែលរងការខូចខាតទាំង ៥ខ្នង សុទ្ធតែសង់ពីឈើ និងប្រក់ស័ង្កសី ក្នុងនោះមាន ៣ខ្នង មានបណ្ដោយ ៤ម៉ែត្រ និងទទឹង ៨ម៉ែត្រ ខណៈ ២ខ្នងទៀតមានបណ្ដោយ ៩ម៉ែត្រ និងទទឹង ៤ម៉ែត្រ។
ក្រៅពីផ្ទះប្រជាពលរដ្ឋ សាលាបឋមសិក្សាក្អមសំណរ ១ខ្នង ដែលមាន ២បន្ទប់ ទំហំទទឹង ៧ម៉ែត្រ និងបណ្ដោយ ១៥ម៉ែត្រ ក៏ត្រូវខ្យល់កន្ត្រាក់បោកបក់បណ្ដាលឱ្យក្រឡាប់ចូលទឹកដូចគ្នា។
ក្រោយកើតហេតុ អាជ្ញាធរស្រុកបាកានបានចាត់ចែងនាំយកជំនួយទៅផ្ដល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីសង្គ្រោះបន្ទាន់។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋកំពុងសហការគ្នាជួយអន្តរាគមន៍ស្រោចស្រង់ផ្ទះ និងសាលារៀនដែលបានក្រឡាប់ចូលក្នុងទឹកឡើងវិញ។
ហេតុការណ៍នេះបង្ហាញពីហានិភ័យនៃបាតុភូតខ្យល់កន្ត្រាក់ចំពោះសំណង់បណ្ដែតទឹកនៅលើបឹងទន្លេសាប ដែលត្រូវការការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលមានអាកាសធាតុប្រែប្រួលខ្លាំង៕
ដោយ៖ សុរិយា










