កូរ៉េខាងជើងបានប្រកាសពីការសាកល្បងមីស៊ីលផ្លោង Zam-2.0 ដោយជោគជ័យ ដែលរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) និងត្រូវបានរចនាឡើងដើម្បីរកឃើញខ្លួនឯង និងណែនាំគោលដៅរបស់ខ្លួន។ ចលនានេះធ្វើឡើងបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្រថ្មីៗពីក្រោមទឹក ដែលបង្ហាញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ទីក្រុងព្យុងយ៉ាងលើសមត្ថភាពប្រយុទ្ធកងទ័ពជើងទឹក។
សារព័ត៌មាន Reuters បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងជើងបានដឹកនាំការធ្វើតេស្តនៅក្រោមទឹកនៃប្រព័ន្ធអាវុធ torpedo ថ្មីមួយដែលមានបំពាក់បច្ចេកវិទ្យា AI កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីផ្ទៀងផ្ទាត់ពីការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា ជាមួយការចាត់ទុកថាការធ្វើតេស្តនេះជាជោគជ័យមួយ និងជាការបោះជំហានយ៉ាងសំខាន់មួយក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹករបស់កូរ៉េខាងជើង។
តាម KCNA ការធ្វើតេស្តខាងលើបានផ្ទៀងផ្ទាត់ពីបច្ចេកវិទ្យានៃកម្លាំងជំរុញដែលត្រូវបានអភិវឌ្ឍឡើងតាមរយៈការធ្វើតេស្តច្រើនជាង១៨០លើក ក្នុងរយៈពេល៥ឆ្នាំមកនេះ។ KCNA ថែមទាំងបានឱ្យដឹងទៀតថា ការធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ក៏មានប្រើប្រាស់ផងដែរបច្ចេកវិទ្យា AI សម្រាប់ការចាប់សញ្ញា និងកំណត់គោលដៅដែលមានបំពាក់លើប្រព័ន្ធអាវុធ torpedo។
នេះជាការធ្វើតេស្តអាវុធលើកចុងក្រោយបំផុតមួយរបស់កូរ៉េខាងជើង កើតឡើងចំពេលការកើនឡើងភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ ក្នុងបរិបទកូរ៉េទាំង២ កំពុងរត់ប្រណាំងការអភិវឌ្ឍអាវុធដែលមានសមត្ថភាពអាចទម្លុះប្រព័ន្ធខែលប្រឆាំងមីស៊ីល។ កាលពីថ្ងៃពុធកន្លងទៅ កូរ៉េខាងជើងក៏បានអះអាងផងដែរពីការធ្វើតេស្តបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្រ២ប្រភេទចេញពីនាវាមុជទឹក ដើម្បីផ្ទៀងផ្ទាត់លើសមត្ថភាពនៃការធ្វើប្រតិបត្តិការរបស់កងទ័ពជើងទឹក និងការកំញើញទប់ស្កាត់សង្រ្គាម៕ ដោយធីរីណា

រូបថត: Yonhap









