សមត្ថកិច្ចស្រុកបវេលឃាត់ខ្លួនបុរសម្នាក់ករណីការពារអាយុជីវិតឪពុកដោយ ប្រកែកតតាំងនិងប្រើកាំបិតគ្រវាស បណ្តាលឲ្យជនបង្កហិង្សាស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកបវេលបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះអំពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្ដាលឲ្យបុរសម្នាក់ទទួលមរណភាព។

 

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥និង០០នាទី នៅចំណុចក្រុមទី៤ ភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងមានករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោសបណ្តាលឲ្យមរណភាពមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ហួន វេត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដែលជាកូនប្រសា មានប្រវត្តិប្រើប្រាស់គ្រឿងញៀន ស្រវឹងស្រា និងតែងបង្កអំពើហិង្សាក្នុងគ្រួសារជាប្រចាំ បានកាន់ពូថៅដេញកាប់ប្រហារទៅលើប្រពន្ធ ឈ្មោះកេង សុភី ភេទស្រី អាយុ៤១ឆ្នាំ។ ប៉ុន្តែប្រពន្ធរត់រួច ហើយជនសង្ស័យបន្តដេញកាប់ឪពុកក្មេកឈ្មោះពី កេង អាយុ៧២ឆ្នាំបណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល និងប្អូនថ្លៃឈ្មោះ កេង សុផល ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសស្រាល។

 

ក្នុងស្ថានភាពប្រឈមមុខជាក់ស្តែងភ្លាមៗនោះឈ្មោះ កេង សុផល បានប្រកែកតតាំង ហើយយកកាំបិតខ្វែវគ្រវាសតបតវិញដើម្បីការពារអាយុជីវិតឪពុក និងខ្លួនឯង បណ្តាលឲ្យជនសង្ស័យ ឈ្មោះហួន វេត ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយជនបង្កដួលទៅលើដីឈ្មោះ កេង សុផល បានទម្លាក់អាវុធចុះហើយចូលទៅជួយសង្គ្រោះបឋម និងរង់ចាំសមត្ថកិច្ចនៅកន្លែងកើតហេតុ ដោយមិនបានរត់គេចខ្លួននោះទេ។

 

ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណីនេះ ហើយឈានដល់ការឃាត់ខ្លួនឈ្មោះ កេង សុផល នៅវេលាម៉ោង១៣និង ២៣នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

 

ក្រោយពីធ្វើការសាកសួរ ឈ្មោះ កេង សុផល បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតខ្វែវគ្រវាសទៅលើជនសង្ស័យឈ្មោះ ហួន វេត នៅត្រង់ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន ក្នុងគោលបំណងការពារអាយុជីវិតឪពុកនិងខ្លួនឯង។

 

បច្ចុប្បន្ន ឈ្មោះ កេង សុផល ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេលដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print