សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ថារុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយនៅក្នុងប្រទេសអ៊ុយក្រែនស្ថិតនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំង២ ដែលនឹងមិនក្លាយជាប្រធានបទក្នុងកិច្ចចរចាណាមួយនៅពេលអនាគតជាមួយទីក្រុងកៀវនោះទេ។
លោក ពូទីន ដែលស្លៀកឯកសណ្ឋានយោធា និងថ្លែងការណ៍អំឡុងដំណើរទស្សនកិច្ចមួយទៅកាន់ទីបញ្ជាការមួយរបស់រុស្ស៉ី បានឱ្យដឹងថាការបង្កើតតំបន់សន្តិសុខខាងលើជាការឆ្លើយតបទៅនឹងការលុកលុយរបស់អ៊ុយក្រែនចូលក្នុងតំបន់ Kursk ស្ថិតនៅភាគខាងលិចរុស្ស៉ីកាលពីឆ្នាំ២០២៤-២០២៥។ លោក ពូទីន បានកត់សម្គាល់ដូច្នេះថា «កងកម្លាំងប្រដាប់អាវុធរុស្ស៉ីមិនត្រឹមតែទទួលភារកិច្ចដើម្បីបណ្ដេញសត្រូវចេញពីទឹកដីរបស់យើងប៉ុណ្ណោះទេ តែពួកគេក៏កំពុងបង្កើតតំបន់សន្តិសុខមួយទឹកដីស្ថិតនៅក្បែរព្រំដែនរបស់យើងផងដែរ»។
តាមលោក ពូទីន ការបង្កើតតំបន់សន្តិសុខនេះមានគោលដៅធានាសន្តិសុខរបស់រុស្ស៉ីនៅតាមបណ្ដោយព្រំដែននាពេលអនាគត ហើយរុស្ស៉ីគ្មានគម្រោងយកតំបន់សន្តិសុខនេះដាក់ជាប្រធានបទសម្រាប់កិច្ចចរចាណាមួយជាមួយអ៊ុយក្រែននោះឡើយ។
បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov គម្រោងបង្កើតតំបន់សន្តិសុខខាងលើមានប្រវែង ៦៦០គីឡូម៉ែត្រ ហើយបច្ចុប្បន្ន ៧០ភាគរយនៃតំបន់នេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។ តែមិនបានបញ្ជាក់ថាតើតំបន់នេះត្រូវបង្កើតក្នុងទឹកដីអ៊ុយក្រែនក្នុងជម្រៅប៉ុន្មាននោះទេ៕

រូបថត: Reuters









