ស្រុកពារាំង ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សស្រុកពារាំង ប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែតុលា ឆ្នាំ២០២៦។
បន្ទាប់ពីស្ដាប់របាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សស្រុកពារាំង ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សក្នុងការចុះជាប់មូលដ្ឋាន អប់រំ និងផ្សព្វផ្សាយពីសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានណែនាំឱ្យមន្ត្រីគណបក្សគ្រប់ឃុំ-ភូមិ ខិតខំជម្រុញការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឲ្យបានទាន់ពេលវេលា និងបន្តធ្វើបច្ចុប្បន្នភាពស្ថានភាពប្រជាពលរដ្ឋ និងកម្លាំងនយោបាយ ដើម្បីពង្រឹងការកសាង និងពង្រីកសមាជិកបក្សថ្មីផងដែរ៕
ដោយ ៖ សិលា










