ភ្នំពេញ ៖ សម្តេចតេជោ តែងរំលឹកថា មានថ្នាក់ដឹកនាំជំនាន់មុនជាច្រើនរូប ដែលបានជឿជាក់ និងចូលរួមជាមួយ សម្ដេច ក្នុងបុព្វហេតុរំដោះ និងកសាងប្រទេសជាតិ រហូតទម្រាំកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ នេះជាការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ៖ ថ្ងៃនេះ យើងខ្ញុំបានស្តាប់ពីដំណើរជីវិតរបស់ អ៊ុំ ណាំ ទុំ ដែលជាមេរៀនដ៏មានតម្លៃអំពីការតស៊ូ អត់ធ្មត់ និងស្មារតីទទួលខុសត្រូវក្នុងការបម្រើជាតិ និងប្រជាជន។ អ៊ុំ បានបង្ហាញក្តីរីករាយដែលយុវជនចង់ស្តាប់ និងរៀនសូត្រពីបទពិសោធរបស់អ្នកជំនាន់មុន ព្រមទាំងផ្តាំផ្ញើថា យុវជនជំនាន់នេះមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ដោយត្រូវប្រកាន់ខ្ជាប់អំពើល្អ ភាពរាក់ទាក់ស្និទ្ធស្នាល និងក្តីស្រឡាញ់ចំពោះប្រជាជន ស្របតាមការក្រើនរំលឹករបស់ សម្តេចតេជោ ឱ្យមន្ត្រីគ្រប់រូបដាក់ខ្លួនជាអ្នកបម្រើប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា ៖ បើគ្មានការលះបង់របស់អ្នកជំនាន់មុន ក៏គ្មានយើងនៅជំនាន់បច្ចុប្បន្ននេះដែរ ដែលយុវជនជំនាន់ក្រោយគ្រប់ជំនាន់ត្រូវចងចាំ និងដឹងគុណចំពោះគំរូវីរភាព និងការលះបង់របស់អ្នកជំនាន់មុន ក្នុងការស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ នេះគឺជា «គុណធម៌នយោបាយ» របស់គណបក្សប្រជាជនកម្ពុជា និងជាសេចក្តីគោរពស្រលាញ់បន្តគ្រប់ជំនាន់ ៕
ដោយ ៖ សិលា










