ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានបញ្ជូនខ្លួនលោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តនីតិវិធីច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួរ បន្ទាប់ពី រូបលោកបានធ្វើសកម្មភាព ជិះរថយន្តម៉ាក់ Ford Ranger ពណ៍ស ពាក់ស្លាកលេខរដ្ឋ 16- 2-1969 គ្រឿង បើកប្រដេញ និងបុករថយន្ត Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-5381 រហូតដល់ផ្លូវទាល់ក្នុងទីតាំងស្ងាត់មួយកន្លែង ក៏ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យកូនប្រុសបង្កើតរបស់លោករងរបួសធ្ងន់ ដោយសង្ស័យផ្ដើមពីចេញរឿងភ្លើងប្រច័ណ្ឌ (ប្រពន្ធរបស់ខ្លួនជិះរថយន្ត ជាមួយប្រុសផ្សេង )។
គួររម្លឹកថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនលោក ម៉ក់ សុភ័ក្ដ្រា ក្នុងករណីផ្ទុះអាវុធបណ្តាលឱ្យរងរបួសកូនប្រុសបង្កើតរបស់លោក រងរបួស ចំពោះ កាលពីថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៦ វេលាម៉ោង២០ និង២០នាទី នៅចំណុចវាលស្រែ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់មកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្តដេញតាមរថយន្តប្រពន្ធរបស់លោក ដោយសារមានការសង្ស័យថា ប្រពន្ធកំពុងធ្វើដំណើរជាមួយបុរសផ្សេង។ដោយសារកំហឹង លោកបានដកអាវុធបាញ់គំរាម ក្នុងគោលបំណងស្ទាក់ឃាត់រថយន្តប្រពន្ធ ប៉ុន្តែគ្រាប់កាំភ្លើងបានបណ្ដាលឱ្យកូន ប្រុសបង្កើតរបស់លោករងរបួសចំតំបន់ពោះតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖រ៉ារ៉ា










