ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងប្រមាណ ១១:១០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងតាមបណ្ដោយផ្លូវលេខ ១៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧-១៨ ស្ថិតក្នុងភូមិ ០២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបណ្ដាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន និងបណ្ដាលឱ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែង។
នារសៀលថ្ងៃទី១៨ តុលា២០២៦ ស្ត្រីរងគ្រោះឈ្មោះ រឿម វិមាន បានឱ្យដឹងថា នៅពេលកើតហេតុ នាងបានជិះម៉ូតូជាមួយប្អូនប្រុសចេញពីកន្លែងដាក់ពាក្យសុំការងារ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ជិះវ៉ាស្តាំ «វ៉ារថយន្តធុនធំ» ក្នុងល្បឿនលឿន ជ្រុលមកបុកម៉ូតូរបស់ខ្លួនយ៉ាងពេញទំហឹង ខណៈកំពុងបើកបរក្នុងគន្លងផ្លូវអទិភាព។
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ពីកន្លែងកើត ហេតុ បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ដែលជិះម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1F- 5172 ធ្វើដំណើរពីទិសដៅក្រុងព្រះសីហនុ ទៅស្រុកស្ទឹងហាវ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ចំណែកភាគីខាងស្ត្រីរងគ្រោះ និងប្អូនប្រុសដែលជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1MR-0410 គឺរងរបួសធ្ងន់ធ្ងរ ខណៈស្ត្រីជាបង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ។ ចំណែកឯប្អូនប្រុសបង្កើត ជាអ្នកបើកបរ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ ដោយបច្ចុប្បន្នស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងរង់ចាំការវះកាត់ពីវេជ្ជបណ្ឌិតជំនាញ។
រីឯសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចយករក្សាទុកនៅវត្តពោធិ៍មានជ័យ «វត្តស្ទឹងហាវ» ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ។ ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកស្ទឹងហាវ យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។
ឆ្លងកាត់តាមរយៈហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសង្រេងនេះ អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារជំនាញ សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានតឹងរ៉ឹង ជាពិសេសហាមឃាត់ដាច់ខាតនូវការបើកបរលើសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពប្រឈមហានិភ័យ និងការ «វ៉ាស្តាំ» បំពានគន្លងផ្លូវគេ ដែលងាយបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ។
សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើដងផ្លូវ បើកបរដោយស្មារតីយោគយល់ និងផ្ទៀងផ្ទាត់មើលស្ថានភាពជុំវិញឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តវ៉ាជែងរថយន្តធុនធំ «ការគោរពច្បាប់ចរាចរណ៍ គឺការការពារជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល»៕
ដោយ៖ សុរិយា










