អន្តរជាតិ៖ ក្រុមនគរបាលនៅប្រទេសអាល់បានី កាលពីថ្ងៃសៅរ៍ទី១៧ ខែតុលាម្សិលមិញ បានបាញ់គ្រាប់កាំភ្លើងកៅស៊ូលើហ្វូវបាតុករ នៅថ្ងៃទី ៥ នៃបាតុកម្មរបស់ក្រុមនិស្សិតដែលទាមទារឲ្យលោកនាយករដ្ឋមន្រ្តី Edi Rama ចុះចេញពីតំណែង ក្នុងនោះ មនុស្ស ១៦៧នាក់ ត្រូវបានចាប់ខ្លួន ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញនគរបាលបាញ់គ្រាប់កាំភ្លើងកៅស៊ូលើហ្វូងនិស្សិត នៅក្រៅក្រសួងអប់រំ អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ ។
ឧបទ្ទេវហេតុនេះ បានក្លាយជាការកើនឡើងការប្រឈមដាក់គ្នារវាងក្រុមនគរបាល និងក្រុមបាតុករ ដែលបានហ៊ុមព័ទ្ធទីក្រុងភាគកណ្តាល Tirana ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ក្រុមបាតុករ នាំគ្នាដុតកម្ទេចចោលអគាររដ្ឋាភិបាល ហើយនិងធនាគារ ក៏ដូចជាចោលដុំថ្មលើក្រុមនគរបាល ដែលបានឆ្លើយតបវិញជាមួយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ។
ខណៈពេលនោះដែរ ស្នងការនគរបាលជាតិអាល់បានីលោក Skender Hita ពុំបានច្រានចោលនោះទេ ចំពោះការប្រើប្រាស់គ្រាប់កាំភ្លើងកៅស៊ូ ពេលដែលក្រុមអ្នកសារព័ត៌មានសួរ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ។
លោកនិយាយថា គ្រប់មធ្យោបាយទាំងអស់ដែលបានប្រើប្រាស់ គឺលក្ខណៈមានដែនកំណត់ រួមទាំងការប្រើប្រាស់កាលពីពេលថ្មីៗនេះផងដែរ ។
លោក Hita បន្តថា មន្រ្តីនគរបាល ៧នាក់ ត្រូវបានព្យួរការងារ ហើយប្រឈមនឹងការស៊ើបអង្កេតផ្នែកវិន័យ សម្រាប់ការធ្វើលើសពីដែនសមត្ថិកិច្ចរបស់ខ្លួន និងមិនបានគោរពគោលការណ៍សមាមាត្រ ក្នុងការដោះស្រាយជាមួយក្រុមបាតុករ ។
ទោះបីជាយ៉ាងណាក៏ដោយ លោកពុំបានបញ្ជាក់នោះទេ ពីឧបទ្ទេវហេតុដែលនាំឲ្យមានការព្យួរឈ្មោះក្រុមមន្រ្តីនគរបាលទាំងនោះ ។
សូមបញ្ជាក់ថា បាតុកម្មនេះ បង្កឡើងដោយសារការខឹងសម្បារចំពោះអំពើពុករលួយរបស់រដ្ឋាភិបាល កង្វះខាតការងារ ហើយនិងស្តង់ដារអប់រំអន់ ៕ដោយ៖តារា










