ចំនួនកំណត់ត្រានៃកប៉ាល់ពាណិជ្ជកម្មដែលត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz

ចែករំលែក៖

កប៉ាល់ពាណិជ្ជកម្មសរុបចំនួន 22 គ្រឿងត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz ក្នុងអំឡុងពាក់កណ្តាល នៃខែតុលា ដែលលើសពីកំណត់ត្រាមុនដែលបានកំណត់នៅក្នុងខែមីនា។

យោងតាម TASS របាយការណ៍មួយរបស់អង្គការសមុទ្រអន្តរជាតិនៅថ្ងៃទី 17 ខែតុលាបានបង្ហាញថា កប៉ាល់សរុបចំនួន 22 គ្រឿងត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz ក្នុងរយៈពេល 13 ថ្ងៃដំបូងនៃខែតុលា ដែលលើសពីចំនួនសរុបនៃឧប្បត្តិហេតុដែលបានកត់ត្រានៅក្នុងខែមីនា។
ចំណែកនៅថ្ងៃទី១៩ ខែតុលា ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានរាយការណ៍ថា កប៉ាល់ដឹកប្រេង១គ្រឿងបានឆាបឆេះ បន្ទាប់ពីបើកបុកមីនក្រោមផ្ទៃទឹកនៅច្រកសមុទ្រ Hormuz។ វាជាឧប្បត្តិហេតុចុងក្រោយគេបង្អស់ ក្នុងចំណោមហេតុការណ៍ស្រដៀងៗគ្នា គិតចាប់តាំងពីទីក្រុងតេហេរ៉ង់ បានរឹតបន្តឹងការគ្រប់គ្រងលើច្រកផ្លូវទឹកដ៏សំខាន់នេះ។
អ៉ីរ៉ង់បានដណ្ដើមការគ្រប់គ្រងច្រកសមុទ្រ Hormuz បន្ទាប់ពីសង្គ្រាមជាមួយសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ជាហេតុធ្វើឱ្យផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ ស្ទើរតែត្រូវបានកាត់ផ្ដាច់ចរាចរណ៍ដឹកជញ្ជូនទាំងស្រុង។ ជាទូទៅ ច្រកសមុទ្រ Hormuz ធ្លាប់បម្រើជាផ្លូវឆ្លងកាត់ប្រហែល១ភាគ៥នៃលំហូរប្រេងនិងឧស្ម័នរបស់ពិភពលោក។ ចាប់តាំងពីផ្ទុះសង្រ្គាម អ៉ីរ៉ង់បានទាមទារឱ្យកប៉ាល់ទាំងអស់សុំការអនុញ្ញាតពីខ្លួន មុនពេលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ដោយដកស្រង់សម្ដី IRGC ថា «កប៉ាល់ដឹកប្រេង១គ្រឿង ដែលបានបំពានបទបញ្ជា បានបើកបុកមីនក្រោមទឹកនៅភាគខាងត្បូងច្រកសមុទ្រ Hormuz បណ្ដាលឱ្យមានការផ្ទុះនិងអគ្គិភ័យឆាបឆេះ នៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា»។ សេចក្ដីរាយការណ៍ដដែល បានបន្ថែមថា កប៉ាល់នេះបានធ្វើដំណើរតាម ចំណុចផ្លូវខាងត្បូងដែលមិនត្រូវបានអនុញ្ញាត ក្នុងច្រកសមុទ្រ ហើយបានបិទប្រព័ន្ធកំណត់ទីតាំង និងប្រព័ន្ធនាវាចរណ៍របស់ខ្លួន។
ឧប្បត្តិហេតុខាងលើកើតឡើង មួយថ្ងៃបន្ទាប់ពី IRGC ទើបតែបានអះអាងថា កប៉ាល់ដឹកប្រេង ២គ្រឿង បានឆាបឆេះនៅច្រកសមុទ្រ Hormuz បន្ទាប់ពីបើកបុកមីន។ ថ្មីៗនេះ មេបញ្ជាការកងទ័ពជើងទឹកនៃឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Ali Ozmaei បានព្រមានថា កប៉ាល់ណាមួយដែលបិទប្រព័ន្ធកំណត់ទីតាំង នឹងត្រូវចាត់ទុកជា «សត្រូវ»។ ចំណែក សហរដ្ឋអាមេរិកវិញ ក៏បានដាក់ចេញវិធានការបិទខ្ទប់ផ្លូវសមុទ្រប្រឆាំងនឹងការនាំចេញប្រេងរបស់អ៉ីរ៉ង់ផងដែរ ឆ្លើយតបទៅនឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz ដោយទីក្រុងតេហេរ៉ង់៕

រូប​ថត​: vietnamnet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print