ប្រធានាធិបតីរុស្ស៊ីបានស្នើឱ្យមានកិច្ចចរចាត្រីភាគីជាមួយមេដឹកនាំចិន និងសហរដ្ឋអាមេរិក ពីបញ្ហាអ៊ុយក្រែន

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានស្នើរៀបចំកិច្ចប្រជុំកំពូលមួយ នៅខែក្រោយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដើម្បីចរចាបញ្ចប់ជម្លោះនៅអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលជាង ៤ឆ្នាំមកហើយ។

ដំណឹងអំពីសំណើរៀបចំកិច្ចប្រជុំកំពូលត្រីភាគីនេះកើតឡើង ចំពេលដែលទំនាក់ទំនងរវាងលោក ត្រាំ និងលោក ពូទីន កំពុងកាន់តែមានភាពកក់ក្ដៅ ជាពិសេសបន្ទាប់ពី លោកប្រធានាធិបតីអាមេរិក បានប្រកាសកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីរុស្ស៊ី និងបានចុះហត្ថលេខាលើបទបញ្ជាកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីលើកលែងការអនុវត្តទណ្ឌកម្មសំខាន់ៗមួយចំនួនលើទីក្រុងមូស្គូ។
ដោយដកស្រង់សម្ដីអតីតមន្ត្រីស៊ើបការណ៍សម្ងាត់រុស្ស៊ីម្នាក់ ដែលបានទទួលព័ត៌មានអំពីបញ្ហាខាងលើ កាសែត Wall Street Journal បានរាយការណ៍ថា លោក ពូទីន បានលើកសំណើនេះ ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីថ្ងៃទី៩ ខែតុលា។ កិច្ចសន្ទនានោះហើយ ដែលបាននាំឱ្យមានកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតរវាងប្រទេសទាំងពីរ។
តាមរបាយការណ៍របស់ Wall Street Journal វិមានក្រឹមឡាំងបានស្នើឱ្យរៀបចំកិច្ចសន្ទនាត្រីភាគីបែបនេះ នៅក្រៅកិច្ចប្រជុំកំពូលនាពេលខាងមុខ របស់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬ APEC។ កិច្ចប្រជុំកំពូល APEC គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ក្នុងទីក្រុង Shenzhen ប្រទេសចិន៕

រូប​ថត​: vietnamnet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print