ខេត្តកំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពត ចូលរួមក្នុងសន្និសីទ នៃស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន ខេត្តហ្វូជាន និងខេត្តកំពតព្រះរាជាណាចក្រកម្ពុជា។
ក្នុងសន្និសីទនេះ មានការចូលរួមពីភាគីចិន រួមមាន លោក យៀក ទឺស៊ីង លេខារងបក្ស និងជាអភិបាលក្រុងភីងថាន, លោក ជា វេយប៊ីន ប្រធានមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ពិសោធន៍ចម្រុះភីងថាន, ឧកញ៉ា យ៉ាង ដាហ្វា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ព្រមទាំងក្រុមហ៊ុន និងសហគ្រាសផ្សេងៗចំនួន៥៧។
ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសគឺរក្សាបាននូវសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសអ្នកវិនិយោគមានទំនុកចិត្តក្នុងការបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជាដោយមិនមានការព្រួយបារម្ភអ្វីឡើយ។
លោក អភិបាលខេត្ត បានបញ្ចាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន គឺជាទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ និងយូរអង្វែង ដែលត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរពណ៌នាថាជា «មិត្តភាពដែកថែប» និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនង កម្ពុជា-ចិន បានវិវត្តរីកចម្រើនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោងនិងឆ្ពោះទៅមុខ ហើយព្រមព្រៀងកសាងសហគមន៍ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលបង្ហាញឱ្យឃើញការតាំងចិត្តរបស់ខ្លួនក្នុងការបន្តការអភិវឌ្ឍប្រកបបរិយាបន្ន ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សូមបញ្ជាក់ថា ការរៀបចំសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន ខេត្តហ្វូជាន និងខេត្តកំពត នេះឡើង ក្នុងគោលបំណងបង្កើតវេទិកាទំនាក់ទំនងរវាងភាគីទាំងពីរ ដើម្បីបង្កើនការយល់ដឹងពីគ្នាឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕
ប្រភព ៖ រដ្ឋបាលខេត្តកំពត


















