ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យតក់ ស្លុតមួយបានកើតឡើង នៅវេលាម៉ោង ១២៖២០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបណ្ដាលឱ្យមន្ត្រីរាជការ និងសមត្ថកិច្ចចំនួន ៣នាក់ រងរបួសស្រាល និងធ្ងន់។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា គ្រោះថ្នាក់នេះកើតឡើង រវាងរថយន្តដឹកអ្នកទោសម៉ាកសាំយ៉ុង (SsangYong) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AL-2117 ជារបស់ពន្ធនាគារខេត្តសៀមរាប ដែលកំពុងដឹកអ្នកទោសម្នាក់ដំណើរការបំពេញភារកិច្ច ធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិចបុកគ្នាជាមួយរថយន្តម៉ាក Ford ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-7879 ដែលបើកបរពីទិសដំនិញផ្ទុយគ្នាគឺពីលិចទៅកើត។
អ្នកបើកបររថយន្តពន្ធនាគារ ឈ្មោះ ខេង កាន់ អាយុ ៣៨ ឆ្នាំ (រងរបួសស្រាល)និងមន្ត្រីនគរបាលរួមដំណើរ៖ ឈ្មោះ ប៉ុល វិទ្ធី អាយុ ៥៣ឆ្នាំ (រងរបួសធ្ងន់)ឈ្មោះ ចាន់ ខាវី អាយុ ២៨ឆ្នាំ (រងរបួសស្រាល)។
ចំណែកឯអ្នកទោសដែលស្ថិតនៅលើរថយន្ត គឺមានសុវត្ថិភាពល្អ ពុំមានរងរបួសឡើយ រីឯអ្នកបើកបររថយន្ត Ford ឈ្មោះ ខូង ទីន អាយុ ៦៥ឆ្នាំ ក៏ពុំរងរបួសដែរ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបររថយន្តទាំងសងខាង «ខ្វះការប្រុងប្រយ័ត្ន និងមិនប្រកាន់ស្ដាំរៀងៗខ្លួន»ទើបបណ្ដាលឱ្យកើតឡើងការប៉ះទង្គិចគ្នាយ៉ាងពេញទំហឹងបែបនេះ។
បច្ចុប្បន្ន ជនរងរបួសទាំង ៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់យ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យបង្អែកស្ទោង។ ដោយឡែកសមត្ថកិច្ចជំនាញចរាចរណ៍កំពុងចាត់ការដកហូតយានយន្តទាំងពីរគ្រឿងយកទៅរក្សាទុក ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុរិយា










