ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងល្បាតព្រំដែនបានចុះល្បាតតាមព្រំដែន ក្នុងភូមិសាស្ត្រភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រទះឃើញមនុស្សចំនួន០៣នាក់ ១-ឈ្មោះ ប៉ូ សុខា(វី) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (មេខ្យល់), ២-ឈ្មោះ ចាន់ ដក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(មេខ្យល់), ៣-ឈ្មោះ ឌី ស្រីប៉ាក ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង(ពលករ) លួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា ភ្លាមនោះកម្លាំងល្បាតបានធ្វើការឃាត់ខ្លួនមនុស្សទាំង០៣នាក់ខាងលើមកសួរនាំ បន្ទាប់មកបានបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដេីម្បីសួរនាំតាមនីតិវិធី ក្រោយពីសួរនាំរួចកម្លាំងជំនាញបានធ្វើតេស្ដទឹកនោម ជនសង្ស័យទាំង០២នាក់ជាមេខ្យល់ ជាលទ្ធផលវិជ្ជមាន (+)។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ពិនិត្យឃើញថាជនសង្ស័យទាំពីរនាក់ពិតជាមានការស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីករណីខាងលើ ហើយរងការចោទប្រកាន់លើករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
បន្ទាប់ពីសួរចម្លេីយរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ វណ្ណា










