ភ្នំពេញ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿងបានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបើកបម្រុងបត់ឆ្វេងឆ្លងផ្លូវ ស្របពេលដែលរថយន្តកុងតឺន័រមួយគ្រឿងបើកមកពីក្រោយក្នុងទិសដៅស្របគ្នាក៏បុកចំពាក់កណ្តាលចំហៀងខាងឆ្វេង កាលពីវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BZ-7776 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្ត Prius បានបួងចង្កូតបម្រុងបត់ឆ្វេងឆ្លងទៅផ្លូវម្ខាងទៀត ស្របពេលនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0025 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាមកពីក្រោយក៏បានបុកចំពាក់កណ្តាលចំហៀងខាងឆ្វេងនៃរថយន្ត Prius បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយជាសំណាងល្អ គ្រោះថ្នាក់នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់ទីតាំងកើតហេតុដើម្បីពិនិត្យនិងវាស់វែង រួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ










