ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វិវឌ្ឍនៈ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក ម៉ក់ សុភក្រ្តា អគ្គនាយករង នៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល ដែលបាញ់ចំកូនប្រុសខ្លួនឯង ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីចៅក្រមស៊ើបសួរបន្តនីតិវិធី ។
លោក ម៉ក់ សុភក្រ្តា ត្រូវបានតំណាងអយ្យការចោទប្រកាន់២បទល្មើស រួមមាន៖ ហិង្សាដោយចេតនាមានស្ងានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
ហេតុការណ៍នាំឲ្យបាញ់ចំកូនប្រុសខ្លួនឯងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពេលដែលគាត់ និងកូនប្រុស បានបើកឡានដេញឡានប្រពន្ធរបស់ខ្លួន ដោយចោទថាកំពុងជិះជាមួយប្រុសម្នាក់។ ប៉ុន្តែនៅកន្លែងកើតហេតុអត់ឃើញជនដែលគាត់សង្ស័យនោះឡើយ ។ ឋានៈដល់ អគ្គនាយករង នៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល លោក ម៉ក់ សុភក្រ្តា ដោយសារភ្លើងប្រច័ណ្ឌ ឈានដល់ប្រើហិង្សា ដេញបាញ់ទៅលើឡានប្រពន្ធ តែបាញ់ចំកូនប្រុសខ្លួនឯងទៅវិញ ធ្វើឱ្យឃ្លាតឆ្ងាយពីគ្រួសារ ខ្លួនមានបទល្មើស ខឹងខុស ខឹងខាត ៕
ដោយ ៖ សិលា










