មេដឹកនាំកូរ៉េខាងជើងទៅទស្សនាពិព័រណ៍ម៉ូដសម្លៀកបំពាក់និងស្បែកជើង

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រួមជាមួយភរិយានិងកូនស្រីរបស់លោក បានទៅទស្សនាពិព័រណ៍មួយដែលបង្ហាញផលិតផលសម្លៀកបំពាក់ និងស្បែកជើងរាប់រយរាប់ពាន់មុខដែលផលិតនៅក្នុងប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃទី 20 ខែតុលាថា មេដឹកនាំ គីម ជុងអ៊ុន បានទៅទស្សនាពិព័រណ៍សម្លៀកបំពាក់និងស្បែកជើង ដោយបង្ហាញពីសមិទ្ធផលក្នុងវិស័យឧស្សាហកម្មស្រាលក្រោមគោលនយោបាយអភិវឌ្ឍន៍តំបន់របស់លោក។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក គីម បានទៅទស្សនាពិព័រណ៍សម្លៀកបំពាក់និងស្បែកជើងជាតិឆ្នាំ 2026 នៅថ្ងៃទី 19 ខែតុលា ហើយបានសម្តែងការពេញចិត្តចំពោះផលិតផលដែលដាក់តាំងបង្ហាញ ដែលបង្ហាញពីការអភិវឌ្ឍ “យ៉ាងឆាប់រហ័ស និងសំខាន់” នៃឧស្សាហកម្មស្រាល។
យោងតាមរូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូនស្រីរបស់លោក គីម គឺលោកស្រី គីម ជូអេ និងភរិយារបស់លោក គឺលោកស្រី រី សូលជូ បានអមដំណើរលោកក្នុងដំណើរទស្សនកិច្ចនេះ។
យោងតាម KCNA ការតាំងពិព័រណ៍នេះបានដាក់តាំងបង្ហាញសម្លៀកបំពាក់ជាង 70,700 មុខ ជាង 30 ប្រភេទ និងស្បែកជើងជាង 170,000 គូ ជាង 60 ប្រភេទ។ ផលិតផលទាំងនេះត្រូវបានផលិតនៅក្នុងរោងចក្រឧស្សាហកម្មស្រាលៗទូទាំងប្រទេសកូរ៉េខាងជើង ដែលជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍តំបន់របស់លោក គីម ជុងអ៊ុន។
KCNA បានដកស្រង់សម្តីមេដឹកនាំកូរ៉េខាងជើងថា “នេះគឺជាភស្តុតាងច្បាស់លាស់នៃភាពត្រឹមត្រូវ និងភាពរស់រវើកនៃគោលនយោបាយរបស់គណបក្សពលករ ដែលមានគោលបំណងកាត់បន្ថយគម្លាតរវាងរដ្ឋាភិបាលកណ្តាលនឹងមូលដ្ឋាន រវាងតំបន់ទីក្រុងនឹងជនបទ និងសម្រេចបាននូវការអភិវឌ្ឍដែលមានតុល្យភាព និងស៊ីសង្វាក់គ្នាទូទាំងប្រទេស”។
នៅឆ្នាំ 2024 លោក គីម បានប្រកាសពីគោលនយោបាយមួយដើម្បីសាងសង់រោងចក្រទំនើបៗនៅក្នុងទីក្រុង និងស្រុកចំនួន 20 ជារៀងរាល់ឆ្នាំរយៈពេល 10 ឆ្នាំ ដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ទាំងនេះ៕ ដោយធីរីណា

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print