ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់អំពីមូលហេតុចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវចេញមុខឆ្លើយតប និងដាក់លក្ខខណ្ឌអញ្ជើញលោក អ៊ុ សំអាន ព្រមទាំងក្រុមការងារមកជជែកផ្ទៀងផ្ទាត់លើបញ្ហាព្រំដែន គឺដើម្បីការពារទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងសុំការរក្សាភាពស្ងប់ស្ងៀមផ្ទៃក្នុងជាតិ ដើម្បីទុកឱកាសឱ្យរដ្ឋាភិបាលប្រមូលកម្លាំងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។
ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
សម្ដេចធិបតីបានគូសបញ្ជាក់ថា កន្លងមករូបសម្ដេចកម្រចេញសារឆ្លងឆ្លើយជាមួយក្រុមរករឿងណាស់ ប៉ុន្តែចំពោះរឿងនេះ រដ្ឋាភិបាលត្រូវតែនិយាយ និងឆ្លើយតប ដោយសារមូលហេតុសំខាន់ៗមួយចំនួន ដូចជា បើរឿងទឹកដី រដ្ឋាភិបាលមិននិយាយ ហើយទុកឱ្យគេកាន់តែមួលបង្កាច់ នោះគឺជាកំហុសធ្ងន់ធ្ងររបស់រដ្ឋាភិបាល។ ការផ្សព្វផ្សាយបំផ្លើសធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងបាត់បង់សតិអារម្មណ៍។
សម្ដេចធិបតី បានបន្ថែមថា ការចោទប្រកាន់ថារដ្ឋាភិបាលកាត់ដីឱ្យគេនៅតំបន់បង្គោលលេខ ៥២-៥៩ គឺជារឿងធំធេងណាស់ ព្រោះស្មើនឹងការជេរ និងចោទប្រកាន់រដ្ឋាភិបាលថាក្បត់ជាតិ។ ហេតុនេះ ការអញ្ជើញមកជជែកគ្នាផ្ទាល់ គឺដើម្បីយកឯកសារ និងភស្តុតាងជាក់ស្តែងមកផ្ទៀងផ្ទាត់ឱ្យច្បាស់។
ទន្ទឹមនឹងនោះ ប្រធានបទនេះត្រូវបានគេមើលឃើញថាកំពុងតែត្រូវបានដុតបញ្ឆេះឱ្យកាន់តែកើនឡើងឥតថយ ដើម្បីកេងចំណេញផ្នែកនយោបាយស្របពេលកាន់តែកៀកនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលអាចធ្វើឱ្យសតិអារម្មណ៍ផ្ទៃក្នុងជាតិមានភាពច្របូកច្របល់។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា គោលបំណងរបស់រាជរដ្ឋាភិបាល មិនមែនចង់ឈ្លោះប្រកែកជាមួយខ្មែរគ្នាឯងនោះឡើយ ប៉ុន្តែគឺដើម្បីសុំឱ្យខ្មែរគ្រប់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេស រក្សាភាពស្ងប់ស្ងៀម បង្កើតសាមគ្គីភាពផ្ទៃក្នុង និងកុំហែកហួរគ្នាលើបញ្ហានេះ។
សម្ដេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលមិនបានទាមទារឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែជឿ ឬគាំទ្ររដ្ឋាភិបាលទាំងស្រុងនោះទេ ប៉ុន្តែគឺ សុំតែឱកាស ដើម្បីឱ្យយន្តការជាតិដែលតំណាងដោយរដ្ឋាភិបាល បំពេញការងារការពារអធិបតេយ្យភាពជាតិ។ ពេលដោះស្រាយចប់សព្វគ្រប់ គ្រប់គ្នាអាចទៅពិនិត្យមើលជាក់ស្តែងថា តើបាត់បង់ដី ឬមិនបាត់ ហើយរដ្ឋាភិបាលមិនខ្លាចនឹងការទទួលខុសត្រូវ ឬការជជែកដេញដោលនៅចំពោះមុខប្រវត្តិសាស្ត្រឡើយ៕
ដោយ ៖ សិលា














