សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិស្តីពីកាអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និង មធ្យមឆ្នាំ២០២៦-២០៣០

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិស្តីពីកាអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និង មធ្យមឆ្នាំ២០២៦-២០៣០ ។

សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យមមិនមែនទើបចាប់ផ្ដើមនៅពេលនេះទេ, រាជរដ្ឋាភិបាលអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានកសាងមូលដ្ឋានសន្ដិភាព ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធក្របខណ្ឌច្បាប់ និងបរិយាកាសធុរកិច្ច ដែលបានបើកផ្លូវឱ្យវិស័យឯកជន និងសហគ្រាសក្នុងស្រុករីកចម្រើន តភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចតំបន់ និងសកល។

សម្ដេចធិបតី ថ្លែងថា MSMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យឯកជន។ ខណៈយោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ កម្ពុជាមានមូលដ្ឋានអាជីវកម្ម និងសហគ្រាសសរុបប្រមាណ ៧៥៣ ៦៧០ មូលដ្ឋាន ដែល ៦០ ៥០៣ ជាសហគ្រាសធុនតូច និងមធ្យម។ MSMEs ផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ២,៩៨ លាននាក់ ក្នុងនោះស្ត្រីមានជាង ១,៨៤ លាននាក់ ស្មើនឹងជាង ៦០% នៃកម្លាំងពលកម្មសរុប។ MSMEs ត្រូវបានប៉ាន់ប្រមាណថា រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារលើសពី ៧០% នៃការងារក្រៅវិស័យកសិកម្ម។

សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេលកន្លងមក MSMEs បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។ ជាពិសេស MSMEs និងសិប្បកម្មជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងការកែច្នៃផលិតផលកសិកម្ម ការផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ សិប្បកម្ម វប្បធម៌ និងសេវាកម្ម ដែលបានបង្កើតតម្លៃបន្ថែម និងឱកាសការងារនៅក្នុងស្រុក។

សម្ដេចធិបតី ថ្លែងថា ក្នុងវិស័យហិរញ្ញប្បទាន រាជរដ្ឋាភិបាលបានបង្កើតយន្តការពិសេសជាច្រើន ដើម្បីគាំទ្រ MSMEs។ គិតត្រឹមឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក ដល់សហគ្រាសជាង ៣,៤០០ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យអាទិភាព រួមមានការកែច្នៃ កសិផល ការផលិតម្ហូបអាហារ ឧស្សាហកម្ម និងសេវាកម្ម។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) បានបន្តផ្តល់ហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។

សម្ដេចធិបតី ថ្លែងថា ដើម្បីពង្រឹងយន្តការស្ថាប័នសម្រាប់ការអភិវឌ្ឍ MSMEs រាជរដ្ឋាភិបាលបានរៀបចំក្របខណ្ឌសម្រាប់បង្កើត អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដែលសរសេរជាអក្សរកាត់ថា «អ.ស.ត.ម.»។ អង្គភាពនេះដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលដល់ការស្នើសុំចុះបញ្ជី ការផ្តល់ ឬការបន្តអាជ្ញាបណ្ណ និង/ឫលិខិតអនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តដែលឆ្លងកាត់តាមយន្តការសម្របសម្រួលរបស់ អ.ស.ត.ម.។ ក្នុងន័យគោលនយោបាយ អ.ស.ត.ម. ជាយន្តការសម្របសម្រួលអន្តរស្ថាប័ន ការតាមដានការអនុវត្ត និងការដោះស្រាយបញ្ហាអន្តរវិស័យ ដើម្បីកាត់បន្ថយការអនុវត្តបែកខ្ញែក ឬត្រួតគ្នា និងធានាឱ្យកម្មវិធីគាំទ្រ SMEs ស្របតាមអាទិភាពជាតិ។

សម្ដេចធិបតី ថ្លែងថា ដើម្បីពង្រឹងយន្តការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍMSMEs រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៦ បានដាក់ចេញ អនុក្រឹត្យស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម សំដៅបង្កើតយន្តការអន្តរក្រសួងសម្រាប់តម្រង់ទិស សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងMSMEs ឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។

សម្ដេចធិបតី ថ្លែងថា ដើម្បីជួយសម្រួលដល់វិស័យ MSMEs រាជរដ្ឋាភិបាលក៏កំពុងពន្លឿនសកម្មភាព និងការដាក់ចេញយន្តការអន្តរក្រសួង ដើម្បីសម្រួចការងារឱ្យបានលឿនជួយដល់ការងារវិស័យ MSMEs ខណៈក្នុងពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងអនុវត្តមុនលើផលិតផលសាប៊ូ។

សម្ដេចធិបតី ថ្លែងថា ប្រទេសកម្ពុជា កំពុងឃើញសញ្ញាវិជ្ជមាននៃការកើនឡើងសមត្ថភាពផលិតក្នុងស្រុក ខណៈក្នុងរយៈពេល ៩ខែឆ្នាំ២០២៦នេះ យើងមានផលិតផលក្នុងស្រុកប្រមាណ ២៦០០មុខ បានចុះបញ្ជីផលិតផលក្នុងក្រសួងឧស្សាហកម្ម ដោយកើនឡើងប្រមាណ ១១០០មុខផលិតផល បើប្រៀបធៀប ៩ខែឆ្នាំ២០២៥ ដែលមានប្រមាណ ១៥០០ មុខផលិតផល។

សម្ដេចធិបតី ថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្ដល់អាទិភាពលើផលិតផលខ្មែរដែលមានគុណភាព។

 

– សម្ដេចធិបតី ថ្លែងថា ការគាំទ្រផលិតផលក្នុងស្រុក មិនមែនត្រឹមតែគាំទ្រដល់ម្ចាស់សហគ្រាសផលិតផលនោះទេ ប៉ុន្ដែជួយរក្សាការងារ បង្កើនចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចធិបតី ថ្លែងថា ការជំរុញសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, ខណៈក្នុងបរិបទនៃការប្រកួតប្រជែងសកល និងការប្រែប្រួលអាកាសធាតុ កម្ពុជាត្រូវរៀបចំខ្លួនឱ្យបានទាន់គេតាមរយៈការផ្លាស់ប្ដូរគំរូធុរកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ដោយត្រូវលើកទឹកចិត្ត និងគាំទ្របច្ចេកទេសទៅដល់ MSMEs ក្នុងការអនុវត្តគោលនយោបាយផលិតកម្មស្អាត ការសន្សំសំចៃថាមពល ការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចចក្រា និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្ដេចធិបតី ថ្លែងថា ការអនុវត្តនូវស្ដងដាបរិស្ថានមិនត្រឹមតែជួយការពារភបផែនដី និងសុខភាពប្រជាជនយើងប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាសំបុត្រឆ្លងដែន ឬប៉ាស្ព័រដ៏មានឥទ្ធិពលក្នុងការនាំចេញផលិតផលកម្ពុជាទៅកាន់ទេផ្សារអន្តរជាតិសំខាន់ៗដែលកំពុងទាមទារឱ្យមានការអនុលោមភាពតាមស្ដងដាបរិស្ថាន សង្គម និងអភិបាលកិច្ចយ៉ាងតឹងរឹងបំផុតផងដែរ។

សម្ដេចធិបតី ថ្លែងថា សម្ដេចមិនចូលចិត្តឆ្លើយឆ្លងជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកនោះទេ ប៉ុន្ដែមូលហេតុដែលសម្ដេចសម្រេចចិត្តឆ្លើយតប ពីព្រោះក្រុមជ្រុលនិយមដែលមានលោក អ៊ុ សំអាន បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បានកាត់ដីឱ្យថៃ ដែលរឿងនេះ គឺជារឿងធំ រាជរដ្ឋាភិបាលមិនអាចទទួលយកបាននោះទេ គឺត្រូវតែបំភ្លឺឱ្យបានច្បាស់។

សម្ដេចធិបតី ថ្លែងថា៖«នរណាមិនព្រួយបារម្ភរឿងទឹកដី ខ្មែរទាំងអស់ មិនថាបក្សណាទេ គឺព្រួយបារម្ភរឿងទឹកដី ចំណែករាជរដ្ឋាភិបាលមិនត្រឹមតែព្រួយបារម្ភប៉ុណ្ណោះទេ ប៉ុន្ដែនឹងទទួលខុសត្រូវចំពោះមុខ ដោះស្រាយឱ្យបានចប់ ការពារឱ្យបាន ការពារជីវិត ការពារទឹកដីឱ្យបាន។

សម្ដេចធិបតី ថ្លែងថា ក្រុមអង្កការចាត់តាំង មានចរិតនយោបាយ នៅក្រៅស្រុក បានបំភ្លៃហើយបំភ្លៃទៀត ដើម្បីតែកេងចំណេញនយោបាយ សុខចិត្តវ៉ៃបំបែកបំបាក់ផ្ទៃក្នុងខ្លួនឯងឱ្យប្រជាជន មានមន្ទិលសង្ស័យ ឱ្យមានបញ្ហាការគិតគូរលែងមូលគ្នា ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែតាំងព្យាយាមដោះស្រាយបញ្ហាដោយទទួលខុសត្រូវ។

សម្ដេចធិបតី ថ្លែងថា សម្ដេចមិនចង់ផ្ចាញ់ផ្ចាលអីជាមួយលោក អ៊ុ សំអាន ឬក្រុមគាត់នោះទេ, យើងចង់បានតែមូលមតិគ្នាទាំងអស់ ផ្ដល់ភាពទុកចិត្តឱ្យរដ្ឋាភិបាល កុំអាល័យចោទគ្នា កាត់ដីចុះឡើងៗ! ទុកអាហ្នឹងចាំពេលចប់ដោះកន្លែងណាអីផ្សេងៗហើយទៅមើលទៅ យើងអត់ខ្លាចទេ ព្រោះអាហ្នឹងវានៅលើដីប្រជាជនទៅមើលបានតើ, តែឥឡូវវាមិនទាន់ចប់យើងនៅតវ៉ាកន្លែងណាដែលត្រូវតវ៉ា។ តែជាអកុសល លោក អ៊ុ សំអាន និងក្រុមគាត់ តាំងខ្លួនធ្វើជាអ្នកជំនាញព្រំដែន ខណៈមន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាមិនដែលដើរលើកផែនទីបង្ហាញគេទេ តែក្រុមលោក អ៊ុ សំអាន លើកបង្ហាញតាមហ្វេសប៊ុករាល់ថ្ងៃ។

នាឱកាសនោះដែរ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ សហគ្រាស និងសិប្បកម្ម ដែលបានចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានជាង ៤៤.០០០ មូលដ្ឋាន ដែលផ្តល់ការងារជិត ៥០ ម៉ឺនកន្លែង។ តួលេខនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំហំ និងសារសំខាន់របស់វិស័យនេះចំពោះសកម្មភាពសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពល រដ្ឋ។ ទោះយ៉ាងណា បញ្ហាប្រឈមរបស់យើងនៅដំណាក់កាលបន្ទាប់ មិនមែនត្រឹមតែការបង្កើនចំនួនសហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវធ្វើឱ្យសហគ្រាសទាំងនេះកាន់តែមានផលិតភាព គុណភាព និងស្តង់ដា ចាប់យកបច្ចេកវិទ្យាបានកាន់តែប្រសើរ និងអាចតភ្ជាប់ទៅនឹងទីផ្សារ រោងចក្រធំៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានតម្លៃបន្ថែមខ្ពស់។

លោក ហែម វណ្ណឌី បន្តថា រាជរដ្ឋាភិបាលនៃនីតិកាលមុនៗតែងបានយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម និងមានការគិតគូរជាយុទ្ធសាស្ត្រវែងឆ្ងាយ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាផ្នែកសំខាន់នៃគោលនយោបាយសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ ទី៣ និងទី៤ ជាបន្តបន្ទាប់។

 

លោក ហែម វណ្ណឌី បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខ័ណ្ឌការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០០៥» និង «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥» ព្រមទាំងបានកសាង និងពង្រីកជាបន្តបន្ទាប់នូវប្រព័ន្ធអេកូឡូស៊ីគាំទ្រសហគ្រិនភាព និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ទាំងផ្នែកហិរញ្ញវត្ថុ ជំនាញ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍធុរកិច្ច រួមមានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB), សាជីវកម្មធានាឥណទានកម្ពុជា (CGCC), មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF), សហគ្រិនខ្មែរ (Khmer Enterprise) និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (Techo Startup Center), និងមូលនិធិស្រាវជ្រាវជាតិ (National Research Foundation) ជាដើម។ យន្តការ និង ស្ថាប័នទាំងនេះបានរួមចំណែកបង្កើតមូលដ្ឋានគាំទ្រកាន់តែទូលំទូលាយសម្រាប់សហគ្រិន និងសហគ្រាសក្នុងស្រុក ចាប់ពីការចាប់ផ្តើមអាជីវកម្ម ការទទួលបានហិរញ្ញប្បទាន និងការធានាឥណទាន រហូតដល់ការចាប់យកបច្ចេកវិទ្យា នវានុវត្តន៍ និងការពង្រីកទីផ្សារ។

លោក ហែម វណ្ណឌី បញ្ជាក់ថា ឈរលើមូលដ្ឋាន និងប្រព័ន្ធអេកូឡូស៊ីដែលបានកសាងជាបន្តបន្ទាប់នេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តពង្រឹង និងពង្រីកប្រព័ន្ធគាំទ្រនេះ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ក្រោមការចង្អុលបង្ហាញដោយ «យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១» ជាពិសេសបញ្ចកោណទី៣ ស្តីពី «ការអភិវឌ្ឍវិស័យឯកជន និងការងារ» ដែលផ្តោតលើការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ធុរកិច្ចថ្មី និងនវានុវត្តន៍។

លោករដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីលើកទឹកចិត្ត ថែបំប៉ន និងគាំពារអ្នកប្រកបរបរ និងអាជីវកម្មក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងទទួលបានការគាំទ្រកាន់តែទូលំទូលាយ។

...

លោករដ្ឋមន្ត្រី បានឱ្យដឹងថា តាមរយៈកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ការអនុវត្តយុទ្ធសាស្ត្រនេះទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាលមានចំនួន ៥៣៧.២៨៧ នាក់ ក្នុងនោះ ៩៥% ចុះឈ្មោះដោយខ្លួនឯង និង ៥% ចុះតាមរយៈសាខាដៃគូធនាគារទាំង៩ នៅទូទាំងប្រទេស៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print