ភ្នំពេញ ៖ ថ្លែងក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ពីមូលហេតុដែលរដ្ឋាភិបាលត្រូវកោះហៅលោក អ៊ុ សំអាន និងក្រុមរបស់លោក មកជជែកទល់មុខគ្នាលើបញ្ហាបង្គោលព្រំដែនលេខ ៥២ និង ៥៩ គឺដើម្បីបញ្ចប់ការចោទប្រកាន់ និងបញ្ជាក់ការពិតជាក់ស្ដែងជូនសាធារណជន ដោយសារការឆ្លើយឆ្លងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយកន្លងមកមិនមានប្រសិទ្ធភាព។
សម្ដេចធិបតីបានគូសបញ្ជាក់ពីមូលហេតុដែលជ្រើសយកបង្គោលលេខ ៥២ និង ៥៩ មកជជែក គឺព្រោះតែក្នុងចំណោមខ្សែព្រំដែនជាង ៨០០ គីឡូម៉ែត្រ មានតែចន្លោះបង្គោល ៥២ ដល់ ៥៩ នេះទេ ដែលភាគីទាំងពីរ (កម្ពុជា-ថៃ) បានឯកភាពគ្នាទាំងទីតាំងបង្គោលដើម និងបានបោះបង្គោលតម្រុយចប់សព្វគ្រប់មុនពេលមានការប៉ះទង្គិចគ្នា។
ទន្ទឹមនឹងនោះ ទីតាំងចន្លោះបង្គោល ៥២ និង ៥៩ ជាខ្សែបន្ទាត់ត្រង់ គ្មានជម្លោះយោធា គ្មានការគ្រប់គ្រងខុសច្បាប់ និងគ្មានគ្រាប់មីន ដែលអាចចុះទៅពិនិត្យ និងបញ្ជាក់ភស្តុតាងជាក់ស្ដែងលើដីបានភ្លាមៗ។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការកោះហៅនេះមិនមែនក្នុងបំណងវាយប្រហារ ឬបំបែកបំបាក់ខ្មែរគ្នាឯងនោះទេ ប៉ុន្តែគឺដើម្បីបង្ហាញការពិតដល់ប្រជាពលរដ្ឋដោយមិនខ្លាចញញើត និងចង់បានការមូលមតិឯកភាពគ្នា ទុកឱកាសឱ្យរដ្ឋាភិបាលប្រមូលផ្ដុំកម្លាំងធ្វើការងារចរចាការពារបូរណភាពទឹកដីជាមួយប្រទេសជិតខាង៕
ដោយ ៖ សិលា













