ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនត្រឹមតែព្រួយបារម្ភទេគឺថែមទាំងទទួលខុសត្រូវចំពោះមុខដោះស្រាយអោយបានចប់ ការពារអោយបានទាំងជីវិត និងទឹកដី ហើយនៅថ្ងៃខាងមុខទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្ត។ ជាក់ស្តែង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងក្រុមការងារបានធ្វើដំណើរទៅទីក្រុងឡាអេប្រជុំជាមួយអ្នកសម្របសម្រួលលើកទីពីរ ហើយខែក្រោយនេះត្រូវធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីមួយអាទិត្យដើម្បីការពារដែនសមុទ្ររបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាព្រំដែនគោកគឺក្រសួងការបរទេសនិងកងទ័ពធ្វើការជាប្រចាំដោយរក្សាបទឈប់បាញ់ និងទាមទារក្នុងការដោះស្រាយតាមកិច្ចព្រមព្រៀងដែលមានស្រាប់ (JBC) ដើម្បីដំណើរការឡើងវិញ។ សម្តេចបានបន្ថែមថា យើងមិនដែលបោះបង់ការដោះស្រាយរឿងទឹកដីចោលទេ គឺយើងធ្វើរាល់ថ្ងៃគិតរាល់ថ្ងៃ ពោលគឺរាជរដ្ឋាភិបាលមិនបានបោះបង់កាតព្វកិច្ចចោលឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអោយប្រជាពលរដ្ឋខ្មែរមានភាពហ្នឹងហ្នរ និងផ្តល់ឱកាសអោយរដ្ឋាភិបាលដោះស្រាយ ព្រោះការស្រែកឡូឡារ និងភាពមិនទុកចិត្តគ្នាមិនបានជួយអ្វីក្នុងការដោះស្រាយបញ្ហាជាមួយភាគីថៃទេ៕
ដោយ ៖ សិលា











