ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងរិះគន់ចំៗចំពោះសកម្មភាពរបស់លោក អ៊ុ សំអាន និងក្រុមប្រឆាំងដែលតែងតាំងខ្លួនជាអ្នកជំនាញព្រំដែន ហើយនិយមយកផែនទីមកបង្ហាញលើបណ្តាញសង្គម Facebook ជាប្រចាំ ខណៈដែលមន្ត្រីជំនាញកិច្ចការព្រំដែនពិតប្រាកដ មិនដែលយកផែនទីទៅដើរបង្ហាញពាសវាលពាសកាលដូចក្រុមប្រឆាំងទាំងនោះឡើយ។
សម្តេចធិបតី បានថ្លែងបែបនេះនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចមិនមានបំណងផ្ចាញ់ផ្ចាលជាមួយក្រុមលោក អ៊ុ សំអាន នោះឡើយ ប៉ុន្តែអ្វីដែលចង់បានគឺស្មារតីរួបរួមសាមគ្គី និងការផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាល ដោយមិនគួរប្រញាប់ចោទប្រកាន់តាមការនឹកឃើញនោះទេ។ សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា នៅពេលដែលកិច្ចការងារព្រំដែនជាមួយថៃ ដោះស្រាយចប់សព្វគ្រប់ ប្រជាពលរដ្ឋអាចចុះទៅពិនិត្យមើលផ្ទាល់នៅលើដីបាន ព្រោះវាស្ថិតនៅលើទឹកដីពិតប្រាកដ ប៉ុន្តែបច្ចុប្បន្នការងាររៀបចំ និងការតវ៉ានៅមានដំណើរការបន្តទៀត៕
ដោយ ៖ សិលា











