សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលមិនអាចទទួលយកបានដាច់ខាត ចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម រឿងកាត់ដីឱ្យថៃ ព្រោះនេះជារឿងធំណាស់សម្រាប់ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មិនឆ្លើយឆ្លងជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកនោះទេ ក៏ប៉ុន្តែមូលហេតុសម្រេចចិត្តចេញមុខឆ្លើយតបនាពេលនេះ គឺដោយសារតែក្រុមប្រឆាំងជ្រុលនិយម លោក អ៊ុ សំអាន បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បានកាត់ដីឱ្យថៃ ជារឿងធំធេងណាស់ ដែលរាជរដ្ឋាភិបាលមិនអាចទទួលយកបានដាច់ខាត ហើយចាំបាច់ត្រូវតែធ្វើការបំភ្លឺឱ្យបានច្បាស់លាស់ជាសាធារណៈជូនប្រជាពលរដ្ឋ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០។ នាឱកាសនោះផងដែរ សម្ដេចធិបតី បានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការអញ្ជើញលោក អ៊ុ សំអាន និងក្រុមការងារឱ្យមកចូលរួមផ្ទៀងផ្ទាត់ការងារព្រំដែន ត្រង់ចន្លោះបង្គោលសីមាលេខ ៥២ ដល់ ៥៩ ដោយបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលគ្មានគោលបំណងផ្ចាញ់ផ្ចាលឡើយ ប៉ុន្តែធ្វើឡើងដើម្បីភាពស្អាតស្អំ និងការទទួលខុសត្រូវខ្ពស់លើកិច្ចការពារបូរណភាពទឹកដី។

 

ទន្ទឹមនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា រឿងទឹកដី មិនមែនមានតែប្រជាពលរដ្ឋនោះទេដែលព្រួយបារម្ភ សូម្បីតែរាជរដ្ឋាភិបាលក៏មានការព្រួយបារម្ភដូចគ្នាដែរ ហើយលើសពីនេះ រាជរដ្ឋាភិបាលថែមទាំងមានកាតព្វកិច្ច និងទទួលខុសត្រូវដោយផ្ទាល់ចំពោះមុខក្នុងការដោះស្រាយបញ្ហាឱ្យបានចប់សព្វគ្រប់ ដើម្បីការពារជីវិតប្រជាពលរដ្ឋ ការពារទឹកដី និងត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រជាតិនៅថ្ងៃអនាគត។

 

ជាមួយគ្នានោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ជាថ្មីថា ការអញ្ជើញលោក អ៊ុ សំអាន ព្រមទាំងក្រុមការងារមកផ្ទៀងផ្ទាត់លើដីជាក់ស្តែង ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដែលជាតំបន់រស៊ើបខ្លាំងនោះ គឺដើម្បីបង្ហាញពីតម្លាភាព ភាពស្អាតស្អំ និងដើម្បីឱ្យឃើញការពិតជាក់ស្តែង ដោយផ្អែកលើបច្ចេកទេស និងច្បាប់អន្តរជាតិ ដើម្បីធានាថា មិនមានដីកម្ពុជាសូម្បីមួយចំអាមត្រូវបាត់បង់ឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print