អ្នកចាត់ការទូទៅក្លិប Bayern ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយដួលសន្លប់នៅទីលានហ្វឹកហាត់

ចែករំលែក៖

អ្នកចាត់ការទូទៅក្លិប Bayern Munich លោក Vincent Kompany ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីដួលសន្លប់ ខណៈកំពុងឈរមើលក្រុមយុវជនបម្រុងរបស់ក្លិបហ្វឹកហាត់កាលពីថ្ងៃសុក្រ។

 

បុរសវ័យ ៤០ ឆ្នាំរូបនេះ មិនសូវស្រួលខ្លួនដោយសារជំងឺបង្កឡើងដោយវីរុស ហើយបានខកខានចូលរួមសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃអង្គារ មុនពេល Bayern ត្រូវប្រកួតជាមួយ Arsenal ក្នុងពានរង្វាន់ UEFA Champions League។

 

ទោះជាយ៉ាងណា អតីតខ្សែការពាររបស់ Manchester City និងក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះ បានបង្ហាញខ្លួននៅតំបន់បច្ចេកទេសក្បែរទីលាន ក្នុងការប្រកួតកាលពីថ្ងៃពុធ។

 

សារព័ត៌មាននៅប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា ស្ថានភាពសុខភាពរបស់លោក Kompany នៅមន្ទីរពេទ្យមានស្ថិរភាព។

 

សេចក្តីថ្លែងការណ៍របស់ក្លិប Bayern Munich ដែលប្រកួតក្នុងក្របខ័ណ្ឌ Bundesliga បានឱ្យដឹងថា៖ «លោក Vincent Kompany ត្រូវការការព្យាបាលពីក្រុមគ្រូពេទ្យ បន្ទាប់ពីដួលសន្លប់ក្នុងអំឡុងពេលហ្វឹកហាត់របស់ក្រុមបម្រុង FC Bayern កាលពីថ្ងៃសុក្រ»។

 

សេចក្តីថ្លែងការណ៍បានបន្តថា៖ «គ្រូបង្វឹកក្រុមឈុតធំរូបនេះ កំពុងឈរមើលការហ្វឹកហាត់របស់ក្រុមបម្រុង»។

 

«លោក Kompany កំពុងទទួលការពិនិត្យសុខភាពយ៉ាងលម្អិតនៅមន្ទីរពេទ្យ ហើយនឹងបន្តស្ថិតក្រោមការថែទាំរបស់ក្រុមគ្រូពេទ្យ»។

 

«ក្រុមគ្រូបង្វឹកជំនួយរបស់លោក នឹងទទួលបន្ទុកដឹកនាំការហ្វឹកហាត់ និងសកម្មភាពប្រកួតរបស់ក្រុម រហូតដល់មានការជូនដំណឹងថ្មី»។

 

ការប្រកួតបន្ទាប់របស់ Bayern គឺត្រូវជួប Freiburg ក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ នៅថ្ងៃអាទិត្យ។

 

នាយកផ្នែកកីឡារបស់ Bayern លោក Max Eberl បានមានប្រសាសន៍ថា៖ «សុខភាពរបស់ Vincent Kompany គឺជាអាទិភាពខ្ពស់បំផុតរបស់យើង។ យើងនៅ FC Bayern នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាថាលោកជាសះស្បើយឆាប់រហ័ស»។

 

លោកបានបន្តថា៖ «Vinnie កំពុងទទួលបានការថែទាំ និងការគាំទ្រផ្នែកវេជ្ជសាស្ត្រចាំបាច់ទាំងអស់ ព្រមទាំងពេលវេលាសម្រាកដែលលោកត្រូវការ»។

 

«ក្រុមគ្រូបង្វឹករបស់លោក ដែលយើងមានទំនុកចិត្តយ៉ាងពេញលេញ នឹងទទួលបន្ទុកជំនួសលោក។ យើងទាំងអស់គ្នានៅ FC Bayern សូមជូនពរ Vinnie ឱ្យឆាប់ជាសះស្បើយ»។

 

លោក Aaron Danks ដែលជាគ្រូបង្វឹកជំនួយម្នាក់របស់លោក Kompany បានចូលរួមសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយ Arsenal ជំនួសលោក។

 

អ្នកសារព័ត៌មានកីឡាបាល់ទាត់អាល្លឺម៉ង់ លោក Taufig Khalil បានប្រាប់ BBC Radio 5 Live ថា លោក Kompany បាន «មានបញ្ហាសុខភាពដោយសារវីរុសអស់រយៈពេលប្រហែលមួយសប្តាហ៍មកហើយ»។

 

លោកបានបន្ថែមថា៖ «បញ្ហានេះបានចាប់ផ្តើមតាំងពីចុងសប្តាហ៍មុន ក្នុងការប្រកួតជាមួយ Leipzig កាលពីថ្ងៃសៅរ៍។ នោះគឺជាលើកដំបូងដែលយើងបានឃើញលោក Vincent Kompany ហើយលោកមើលទៅមិនសូវស្រួលខ្លួនទេ»។

 

«លោកមិនបានចូលរួមសន្និសីទសារព័ត៌មានក្រោយការប្រកួតនោះទេ ហើយលោក Max Eberl បានប្រាប់យើងថា លោកកំពុងមានជំងឺបង្កឡើងដោយវីរុស»។

 

«មនុស្សគ្រប់គ្នាពិតជាភ្ញាក់ផ្អើល នៅពេលឃើញលោក Vincent Kompany ឈរពាក់អាវធំពណ៌ខ្មៅ ក្រោមភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Munich កាលពីយប់ថ្ងៃពុធ ក្នុងការប្រកួតជាមួយ Arsenal។ មនុស្សគ្រប់គ្នារំពឹងថា លោក Aaron Danks នឹងបង្ហាញខ្លួនជំនួសវិញ»។

 

លោកបានបន្តថា៖ «បញ្ហាគឺថា ប្រហែលជាមិនអាចដាក់លោក Vincent Kompany ឱ្យអង្គុយនៅកៅអីបម្រុងបានទេ ព្រោះការប្រកួតនោះមានសារៈសំខាន់ខ្លាំងសម្រាប់លោក»។

...

 

«Bayern Munich ទើបតែបានប្រាប់យើងថា ស្ថានភាពរបស់លោកមានស្ថិរភាព។ ឧទ្ធម្ភាគចក្រមួយគ្រឿងក៏បានចូលរួមក្នុងប្រតិបត្តិការនេះ ហើយបានចុះចតនៅទីលានហ្វឹកហាត់របស់ Bayern Munich ប៉ុន្តែលោកមិនត្រូវបានដឹកទៅមន្ទីរពេទ្យតាមឧទ្ធម្ភាគចក្រនោះទេ។ លោកត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ហើយឥឡូវនេះកំពុងស្ថិតនៅមន្ទីរពេទ្យ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print