កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២ទីតាំងនៅរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃនាយកដ្ឋានប្រតិបត្តិការនិងនីតិវិធី នៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង បើកប្រតិបត្តិការចុះឆែកឆេរទីតាំងចំនួន២ដែលសង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់ ជាជនជាតិខ្មែរ និងរឹបអូសវត្ថុតាងបានជាច្រើនសន្ធឹកសន្ធាប់។

ប្រតិបត្តិការនេះធ្វើឡើងក្រោយសមត្ថកិច្ចស្រាវជ្រាស៊ើបអង្កេតជាច្រើនសប្តាហ៍បន្ទាប់ពីមានករណីជនអនាមិកមួយក្រុមបានធ្វើសកម្មភាពក្លែងបន្លំជាកាយរិទ្ធិកម្ពុជាដើររៃអង្គាសប្រាក់ឧបត្ថម្ភជួយជនរងគ្រោះពីទឹកជំនន់ និងឆបោកក្រោមរូបភាពផ្តល់សេវាភ្នាល់ល្បែងអនឡាញ ដែលឆបោកបានទំហំទឹកប្រាក់ប្រមាណជាង ៣០០ លានរៀល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្រោយការស្រាវជ្រាវយ៉ាងហ្មត់ចត់ សមត្ថកិច្ចកំណត់បានទីតាំងដែលក្រុមសង្ស័យធ្វើសកម្មភាពចំនួន២ ទីតាំង គឺទីតាំងទី១ស្ថិតនៅផ្ទះលេខ ៣៨B ផ្លូវ៥១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ និងទីតាំងទី២ ស្ថិតនៅតាំងផ្ទះលេខ ១D ផ្លូវ៣៣០ ភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

តាមកិច្ចប្រតិបត្តិការរកឃើញសកម្មភាពជាក់ស្តែងក្រុមឧក្រិដ្ឋកំពុងធ្វើសកម្មភាពក្លែងជាក្រុមការងារកាយរឹទ្ធិកម្ពុជា និងឆបោកក្រោមរូបភាពផ្តល់សេវាល្បែងស៊ីសងអនឡាញខុសច្បាប់ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៦នាក់ រួមមាន៖១. ឈ្មោះ ស ចាន់រតនា ភេទប្រុស ជនជាតិខ្មែរ ២. ឈ្មោះ ផល សុផាន់ណារី ភេទស្រី ជនជាតិខ្មែរ ៣.ឈ្មោះ នួន គីមសុផល ភេទប្រុស ជនជាតិខ្មែរ ៤. ឈ្មោះ បៅ ធិន ភេទស្រី ជនជាតិខ្មែរ ៥. ឈ្មោះ ទិត កក្កដា ភេទស្រី ជនជាតិខ្មែរ ៦. ឈ្មោះ លី អ៊ីជែរ ភេទស្រី ជនជាតិខ្មែរ ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ាស៊ីនកុំព្យូទ័រ (CPU) ១គ្រឿង, ម៉ូនីទ័រ ១គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ៦គ្រឿង, ទូរស័ព្ទដៃ ១៣គ្រឿង, iPad ២គ្រឿង, Tablet ១គ្រឿង, iPod ១គ្រឿង, ដុំរ៉ោតទ័រ ១គ្រឿង, អង្គចងចាំ (Memory) ១, ស៊ីមកាតចំនួន ៦៩កាត, លិខិតឆ្លងដែន២ក្បាល, កាមេរ៉ាសុវត្ថិភាព២គ្រឿង, ដុំវ៉ាយហ្វាយ (Wi-Fi) ១គ្រឿង, សៀវភៅកត់ត្រាចំណូលចំណាយ១ក្បាល ឯកសារពាក់ព័ន្ធមួយចំនួន និងម៉ូតូចំនួន ៥គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ រួមទាំងវត្ថុតាងដែលបានដកហូតទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកទៅរក្សាទុក និងកំពុងរៀបចំកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print