តារាល្បីហូលីវូដ លោកស្រី Angelina Jolie ចំណាយពេល ២០ឆ្នាំ ជួយការពារព្រៃឈើជាង៦ម៉ឺនហិកតា នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ តារាហូលីវូដ លោកស្រី Angelina Jolie អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ បានបង្កើតមូលនិធិឡើងដោយសហការជាមួយសហគមន៍មូលដ្ឋាន និងស្ថាប័នរដ្ឋាភិបាលកម្ពុជា ដើម្បីការពារព្រៃឈើ និងសត្វព្រៃជិតផុតពូជនៅភាគពាយ័ព្យប្រទេស ខណៈការបរបាញ់សត្វ ការកាប់ឈើខុសច្បាប់ និងការបាត់បង់ព្រៃឈើនៅតែជាបញ្ហាប្រឈម។

 

បើយោងតាមគេហទំព័រផ្លូវការរបស់មូលនិធិ Maddox ដែលត្រូវបានបង្កើតឡើងដោយ លោកស្រី Angelina Jolie ក្នុងឆ្នាំ២០០៣ មូលនិធិនេះបានចាប់ផ្តើមការងារនៅកម្ពុជា ដោយផ្តោតលើសហគមន៍ដែលរងផលប៉ះពាល់ដោយសារមីន និងផលវិបាកពីជម្លោះកន្លងមក។

 

នៅឆ្នាំ២០០៦ មូលនិធិបានពង្រីកការងារទៅផ្នែកអភិរក្សបរិស្ថាន ដោយចូលរួមការពារតំបន់ប្រើប្រាស់ច្រើនយ៉ាង នៅស្រុកសំឡូត (Samlout Multiple Use Area) ដែលមានផ្ទៃដីប្រមាណ ៦០ ៩៩៤ ហិកតា ក្នុងខេត្តបាត់ដំបង និងប៉ៃលិន ជាប់ព្រំដែនថៃ។ មូលនិធិនេះបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបានជួយការពារផ្ទៃដីជាង ៤០ ០០០ ហិកតានៅតំបន់សំឡូត។

តំបន់សំឡូត មានសារៈសំខាន់ចំពោះជីវចម្រុះរបស់កម្ពុជា ដោយជាជម្រករបស់ដំរីអាស៊ីដែលជាប្រភេទជិតផុតពូជ និងសត្វពង្រូលស៊ុមដា ដែលស្ថិតក្នុងប្រភេទជិតផុតពូជខ្លាំង។

 

យោងតាមរបាយការណ៍ស្ទង់មតិជីវចម្រុះរបស់អង្គការអភិរក្ស Fauna & Flora ដែលធ្វើឡើងដោយសហការជាមួយក្រសួងបរិស្ថានកម្ពុជា និងទទួលថវិកាពីមូលនិធិ Maddox Jolie-Pitt ការសិក្សានេះបានកត់ត្រាប្រភេទសត្វ និងរុក្ខជាតិជាច្រើននៅក្នុងតំបន់ រួមមានបក្សី ថនិកសត្វ ប្រចៀវ និងផ្កាអ័រគីដេ។ ការសិក្សាក៏បានបញ្ជាក់ពីវត្តមានសត្វព្រៃដែលកំពុងរងការគំរាមកំហែង រួមមានដំរីអាស៊ី និងសត្វពង្រូលស៊ុមដា។

 

ទោះជាយ៉ាងណា ការកំណត់តំបន់ការពារមិនទាន់គ្រប់គ្រាន់ដើម្បីធានាសុវត្ថិភាពសត្វព្រៃនោះទេ។ ក្នុងការស៊ើបអង្កេតមួយ ដែលចេញផ្សាយនៅខែមករា ឆ្នាំ២០២៥ សារព័ត៌មាន Mongabay បានរាយការណ៍ថា កាមេរ៉ាស្វ័យប្រវត្តិនៅសំឡូតបានកត់ត្រាសត្វចំនួន ៤៤ ប្រភេទ រួមមានថនិកសត្វ ២៨ ប្រភេទ បក្សី ១៥ ប្រភេទ និងសត្វល្មូនមួយប្រភេទ។ ជិត ៣០% នៃប្រភេទសត្វដែលបានកត់ត្រា ស្ថិតក្នុងបញ្ជីក្រហមប្រភេទសត្វរងការគំរាមកំហែងរបស់សហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN)។

 

សារព័ត៌មាន Mongabay ក៏បានរាយការណ៍ពីភស្តុតាងនៃសកម្មភាពបរបាញ់សត្វ និងការប្រើអន្ទាក់លួសនៅក្នុងតំបន់នេះផងដែរ។ អ្នកស្រាវជ្រាវបានរកឃើញសត្វប្រើសមួយក្បាលដែលបាត់បង់ជើងម្ខាង ដែលតាមរបាយការណ៍ស្ទង់មតិ ទំនងជារងរបួសដោយសារអន្ទាក់លួស។ ការសិក្សាដដែលក៏បានរកឃើញថា ការបាត់បង់ព្រៃឈើនៅតំបន់ជុំវិញនៅតែជាក្តីបារម្ភ ទោះបីជាតំបន់នេះមានឋានៈជាតំបន់ការពារក៏ដោយ។

 

សម្ពាធលើសត្វព្រៃនៅតែបន្តកើតមាន។ យោងតាមកំណត់ត្រាការងារនៅទីវាលរបស់មូលនិធិ Maddox មន្ត្រីល្បាតបានរុះរើអន្ទាក់លួសប្រវែងជិត ៧.៨ គីឡូម៉ែត្រចេញពីព្រៃសំឡូតក្នុងឆ្នាំ២០២៥។ អន្ទាក់ទាំងនេះអាចបង្ករបួស ឬសម្លាប់សត្វព្រៃដោយមិនរើសប្រភេទ។ មូលនិធិបានឱ្យដឹងថា ការល្បាត និងការតាមដានជាប្រចាំ គឺជាផ្នែកសំខាន់នៃកិច្ចការពារសត្វព្រៃ និងធនធានធម្មជាតិ។

 

ក្រៅពីការអភិរក្សព្រៃឈើ មូលនិធិនេះក៏គាំទ្រសហគមន៍ជនបទ តាមរយៈកម្មវិធីកសិកម្មប្រកបដោយចីរភាព ការចិញ្ចឹមឃ្មុំ សុខាភិបាល និងការអប់រំ។ គេហទំព័ររបស់មូលនិធិបញ្ជាក់ថា បុគ្គលិករបស់ខ្លួននៅកម្ពុជាទាំងអស់ជាបុគ្គលិកក្នុងស្រុក ដោយផ្តល់តួនាទីសំខាន់ដល់សហគមន៍ក្នុងការអភិវឌ្ឍ និងអនុវត្តកម្មវិធីអភិរក្ស។

 

ក្រោយរយៈពេល ២០ ឆ្នាំនៃការងារនៅសំឡូត ការរកឃើញប្រភេទសត្វព្រៃជាច្រើនបានបង្ហាញពីតម្លៃអេកូឡូស៊ីនៃព្រៃឈើនេះ។ ប៉ុន្តែអន្ទាក់រាប់គីឡូម៉ែត្រដែលត្រូវបានរុះរើ និងភស្តុតាងនៃការបរបាញ់សត្វ បង្ហាញថា ការការពារព្រៃឈើត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ត ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងកិច្ចសហការជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន៕ដោយ៖តារា

រូបថតតារាហូលីវូដលោកស្រី Angelina Jolie រូបភាពពី Complex

...

តារាហូលីវូដ Angelina Jolie និងកូនចិញ្ចឹម Maddoxរូបភាពពី Maddox Foundation

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print