ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្នុងភូមិសាស្ត្រស្រុកសំរោងទង។
ក្រោមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៥:៤៥នាទី ថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។
ជនសង្ស័យមានឈ្មោះ សឿន សំ ភេទប្រុស អាយុ ៦៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តាល ឃុំពាំងល្វា ស្រុកសាមគ្គីមុនី្នជ័យ ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន:ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់(ទម្ងន់០.៨៥ក្រាម),ម៉ូតូចំនួន ០១គ្រឿង,ទូរស័ព្ទចំនួន០២គ្រឿង,ខ្សៀជក់ចំនួន០៤, ថង់ច្រកនិងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបញ្ជូទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕
ដោយ៖ សុរិយា










