ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន ១៧ នាក់ ក្នុងនោះមានស្ត្រី ៥ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន ដើម្បីសាកសួរ ពាក់ព័ន្ធនឹងករណីលេងហ្គេមអនឡាញ Joker។
ក្នុងប្រតិបត្តិការខាងលើបានធ្វើឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវបេតុងប្រឡាយលូ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក មានប្រជាពលរដ្ឋរាយការណ៍អំពីការប្រមូលផ្តុំគ្នាលេងហ្គេមអនឡាញ Joker នៅតាមផ្ទះជួលក្នុងតំបន់ខាងលើ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះជួលចំនួន ៤ ទីតាំង និងធ្វើប្រតិបត្តិការបង្ក្រាប។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៧ នាក់ ក្នុងនោះមានស្ត្រី ៥ នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធនឹងករណីនេះ។
ក្រោយបញ្ចប់ប្រតិបត្តិការ មនុស្សដែលត្រូវបានឃាត់ខ្លួន ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ










