កម្ពុជា និងម៉ាឡេស៊ីពង្រឹង និងពង្រីកសហប្រតិបត្តិការទេសចរណ៍តាមស្មារតីនៃអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០១៩ ឱ្យកាន់តែជាក់ស្តែង និងសកម្ម

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា នាល្ងាចថ្ងៃទី២៨ តុលាម្សិលមិញនេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល និងថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធីអបអរសាទរបុណ្យជាតិម៉ាឡេស៊ីទី៦៩ ដែលរៀបចំដោយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា នាសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ។

 

កម្មវិធីដ៏ឱឡារិកនេះដែលបានរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា មានការចូលរួមពី លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ម៉ាឡេស៊ីប្រចាំកម្ពុជា លោក-លោកស្រីជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងជាប្រធានស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងលោក -លោកស្រីអង្គទូតប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិពីផ្នែករដ្ឋ និងឯកជនចំនួនជាង២០០រូប។

 

លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ម៉ាឡេស៊ីប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការបន្តថែរក្សាព្រូនជុំចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលមានរយៈពេលជិត៧០ឆ្នាំនាឆ្នាំ២០២៧ ខាងមុខ ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិរវាងគ្នាទៅវិញទៅមក និងបង្កើតនូវវិបុលភាព និងសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអង្គពិធីពីលទ្ធផលគួរជាទីមោទនៈនៃការអនុវត្តការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងព្រឹត្តការណ៍ជំរុញទេសចរណ៍កន្លងមក។

 

ក្នុងឱកាសដ៏មានសារៈសំខាន់នេះដែរ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ីដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្ពុជាជានិច្ចក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនរហូតមក ជាពិសេសលើការផ្លាស់ប្តូរប្រជាជន និងប្រជាជន កិច្ចសហការដ៏សកម្ម និងសិ្នតរមួតក្នុងការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ជាពិសេសយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង (Green Season) និង Muslim Friendly ការជំរុញលំហូរទេសចរ និងអ្នកធ្វើដំណើរនៃប្រទេសទាំងពីរ និងអន្តរជាតិ ការតភ្ជាប់ជើងហោះហើរត្រង់ ការវិនិយោគលើវិស័យទេសចរណ៍ពីសំណាក់វិនិយោគិម៉ាឡេស៊ីជាក់ស្តែងនៅកម្ពុជា។

...

 

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានអញ្ជើញភ្ញៀវទេសចរម៉ាឡេស៊ី និងអន្តរជាតិមកទស្សនាកម្ពុជា ជាពិសេសភូមិហ្រ្វង់កូហ្វូនី (Francophonie Village) ដែលជាព្រឹត្តការណ៍អមរៀបចំឡើង ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលអង្គការបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (20th Francophonie Summit) នៅរាជធានីភ្នំពេញ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ ដើម្បីទទួលបាននូវបទពិសោធពីសក្តានុពលទេសចរណ៍កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា ជាពិសេស Muslim friendly និងស្វែងយល់ពីកាលានុវត្តភាពវិនិយោគថ្មីៗ នៅកម្ពុជា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print