Inter និង AC Milan បង្ហាញគម្រោងសាងសង់កីឡដ្ឋានថ្មីរួមគ្នា ជំនួស San Siro

ចែករំលែក៖

ក្លិប Inter Milan និង AC Milan បានបង្ហាញគម្រោងសាងសង់កីឡដ្ឋានថ្មីឈ្មោះ Generali Stadium ដែលនឹងជំនួសកីឡដ្ឋាន San Siro ដែលក្លិបទាំងពីរប្រើប្រាស់រួមគ្នា ចាប់ពីរដូវកាល ២០៣១-៣២ តទៅ។

 

កីឡដ្ឋានថ្មីនេះនឹងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Generali ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅអ៊ីតាលី ដោយមានកៅអីសរុប ៧១.៥០០ កន្លែង និងត្រូវបានរំពឹងថានឹងចំណាយថវិកាប្រមាណ ១,២ ពាន់លានអឺរ៉ូ (ប្រហែល ១ ពាន់លានផោន)។

 

គម្រោងនេះត្រូវបានបង្ហាញក្នុងពិធីជប់លៀងដ៏ធំមួយនៅប្រាសាទ Castello Sforzesco ក្នុងទីក្រុង Milan កាលពីថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនដែលចូលរួមក្នុងកម្មវិធីបានបង្ហាញការជំទាស់ចំពោះផែនការរុះរើកីឡដ្ឋាន San Siro។

 

មុនពេលកម្មវិធីចាប់ផ្តើមបន្តិច ក្រុមអ្នកគាំទ្រ Inter មួយក្រុមបានចូលទៅក្នុងទីធ្លាប្រាសាទ និងលាតបដាដែលមានសារថា «អ្នកមិនអាចពន្លត់ពន្លឺភ្លើងនៅ San Siro បានឡើយ» ព្រមទាំងស្រែកថា «កុំប៉ះពាល់ San Siro»។

 

ការសាងសង់កីឡដ្ឋានថ្មីគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៨ លើទីតាំងកីឡដ្ឋានបច្ចុប្បន្នដែលមានសមត្ថភាពផ្ទុកអ្នកទស្សនា ៧៥.០០០ នាក់។

 

ស្ថាបត្យករ Norman Foster បានពន្យល់ថា Generali Stadium នឹងមានរចនាបថទាបនៅផ្នែកកណ្តាល និងលើកខ្ពស់ឡើងនៅចុងទាំងសងខាងខាងក្រោយទីតាំងគ្រាប់បាល់។ ចំណែកលោក David Manica អ្នកជំនាញផ្នែករចនាកីឡដ្ឋានដែលបានសហការជាមួយ Foster លើគម្រោងនេះ បានបញ្ជាក់ថា ការរចនាដែលមានជម្រាលកៅអីខ្ពស់ នឹងជួយនាំអ្នកគាំទ្រឱ្យកាន់តែជិតទីលានប្រកួត។

 

លោក Manica បានមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់បំផុតដែលយើងបានយល់នៅពេលរចនាគម្រោងនេះ គឺ San Siro ជាអារម្មណ៍មួយ។ វាលើសពីអគារមួយទៅទៀត ព្រោះវាជាអារម្មណ៍… យើងបាននាំកៅអីទាំងអស់ឱ្យនៅជិតទីលានបំផុតតាមដែលអាចធ្វើទៅបាន។ វាមិនអាចនៅជិតជាងនេះទៀតទេ ហើយអ្នកនឹងមានអារម្មណ៍ដូចជាកំពុងអង្គុយនៅលើស្មៅក្នុងទីលានផ្ទាល់»។

 

ក្រៅពីការប្រកួតបាល់ទាត់ កីឡដ្ឋានថ្មីនេះក៏អាចរៀបចំការប្រកួត NFL អន្តរជាតិ ការប្រកួតកីឡាបាល់ឱប និងការប្រគំតន្ត្រីផងដែរ។

 

ក្លិប Milan និង Inter បានចំណាយប្រាក់ ១៩៧ លានអឺរ៉ូ (ប្រហែល ១៦៥ លានផោន) ដើម្បីទិញកីឡដ្ឋាន San Siro បច្ចុប្បន្ន និងទីតាំងចំណតរថយន្តនៅជាប់នោះ។ កីឡដ្ឋានចាស់នឹងត្រូវរុះរើភាគច្រើន នៅពេលការសាងសង់កីឡដ្ឋានថ្មីជិតរួចរាល់។

 

San Siro ដែលមានឈ្មោះផ្លូវការមួយទៀតថា Giuseppe Meazza Stadium បានបើកដំណើរការកាលពីឆ្នាំ១៩២៦ និងជាកីឡដ្ឋានកីឡាធំជាងគេនៅប្រទេសអ៊ីតាលី។ វាត្រូវបានចាត់ទុកថាជាកីឡដ្ឋានដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុប ប៉ុន្តែត្រូវការការកែលម្អទំនើបកម្មយ៉ាងទូលំទូលាយ ទោះបីធ្លាប់បានជួសជុលជាច្រើនលើកក៏ដោយ។

 

Generali Stadium ក៏អាចត្រូវបានជ្រើសរើសជាទីតាំងរៀបចំការប្រកួតពានរង្វាន់ Euro 2032 ដែលប្រទេសអ៊ីតាលី និងតួកគីធ្វើជាម្ចាស់ផ្ទះរួមគ្នាផងដែរ។

...

 

គួរបញ្ជាក់ថា Foster និង Manica ធ្លាប់បានសហការគ្នាលើគម្រោងសាងសង់កីឡដ្ឋាន Wembley ថ្មី។ ចំណែកក្រុមហ៊ុនស្ថាបត្យកម្ម Foster + Partners របស់លោក Foster ក៏បានរៀបចំគម្រោងសម្រាប់កីឡដ្ឋានថ្មីរបស់ Manchester United ដែលគ្រោងមានសមត្ថភាពផ្ទុកអ្នកទស្សនា ១០០.០០០ នាក់ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print