ភ្នំពេញ ៖ ព្រឹកម៉ោង៧:០០នាទី នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំការប្រឡង បានអញ្ជើញបើក Seal បន្ទប់បិទជិតទុកសន្លឹកកិច្ចការបេក្ខជន ដើម្បីបន្តនីតិវិធីដំណើរការធ្វើកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ ដំណាក់កាលចុងក្រោយ។
ក្នុងថ្ងៃនេះ ក្រុមការងារអនុគណៈកម្មការបូកនិងស្រង់ពន្ទុ អនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ និងអង្គភាពប្រឆាំអំពើពុករលួយ បន្តអនុវត្តនីតិវិធី ពិនិត្យ និងផ្ទៀងផ្ទាត់ លើសន្លឹកកិច្ចការបេក្ខជនដែលបានធ្វើកំណែរួច និងបញ្ចូលទិន្នន័យ(ពិន្ទុ)របស់បេក្ខជនចូលក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីធ្វើការបូកសរុប និងចំណាត់ថ្នាក់លទ្ធផល។
សូមជម្រាបថា រាល់សកម្មភាពបើកបន្ទប់សុវត្ថិភាព និងការបែងចែកសន្លឹកកិច្ចការ គឺត្រូវបានអនុវត្តស្របតាមនិយាមនីតិវិធីប្រតិបត្តិការប្រឡងយ៉ាងម៉ឺងម៉ាត់ ដោយស្ថិតក្រោមការពិនិត្យ តាមដាន និងរួមធ្វើជាសាក្សីផ្ទាល់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ អនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងសុក្រឹតភាព៕
ប្រភព ៖ ក្រសួងមុខងារសាធារណៈ










